ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស (Mahmoud Abbas) បានទទួលរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy កាលពីថ្ងៃចន្ទ នៅទីស្នាក់ការរបស់អាជ្ញាធរនេះ នៅក្នុងទីក្រុង រ៉ាម៉ាឡា (Ramallah)។

លោក អាបាស បានពិភាក្សាជាមួយ លោក Lammy ពីតម្រូវការក្នុងការអនុវត្តសេចក្តីសម្រេចលេខ ២៧៣៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឲ្យមានបទឈប់បាញ់ នៅតំបន់ ហ្កាហ្សាស្ទ្រីប និងការដកកងកម្លាំងអ៊ីស្រាអែលទាំងស្រុងចេញពីដែនដីនេះ។

លោកបានគូសបញ្ជាក់ពីការគាំទ្ររបស់ចក្រភពអង់គ្លេសដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបានការទទួលស្គាល់ជាអន្តរជាតិចំពោះរដ្ឋប៉ាឡេស្ទីន និងសមាជិកភាពពេញលេញរបស់ខ្លួន នៅក្នុងអង្គការសហប្រជាជាតិ ដែលជាផ្នែកមួយនៃដំណោះស្រាយរដ្ឋពីរសម្រាប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។
ទីភ្នាក់ងារសារព័ត៌មាន WAFA បានរាយការណ៍ថា លោកបានពន្យល់ប្រាប់លោក Lammy អំពីការឈ្លានពានចុងក្រោយបង្អស់របស់អ៊ីស្រាអែល នៅតំបន់វេសបែង (West Bank) និងទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ( East Jerusalem) ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។