ក្បួនរថយន្តចំនួន ៣ ដែលដឹកជំនួយពីប្រទេសអារ៉ាប់រួម ក្នុងសប្តាហ៍នេះ បានឆ្លងចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ឆ្លងកាត់តាមច្រកព្រំដែន Rafah ជាមួយប្រទេសអេហ្ស៊ីប។

ទីភ្នាក់ងារសារព័ត៌មាន Emirates បានរាយការណ៍ថា រថយន្តសរុបចំនួន ៣៥គ្រឿង បានដឹកជំនួយ មនុស្សធម៌ជាង ២៤៨.៩តោន ក្នុងនោះសម្ភារៈផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តជាង ១០០តោន។
ការបញ្ជូនជំនួយនេះ គឺជាផ្នែកមួយនៃយុទ្ធនាការមនុស្សធម៌របស់ប្រជាជនអារ៉ាប់រួម ដែលកំពុងបន្តដើម្បីជួយប្រជាជនប៉ាឡេស្ទីន ក្នុងអំឡុងពេលសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ ចាប់តាំងពីការចាប់ផ្តើមនៃ «ប្រតិបត្តិការ Chivalrous Knight 3» នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ អារ៉ាប់រួម បានបញ្ជូនក្បួនរថយន្តចំនួន ១៥៣ ទៅកាន់តំបន់ហ្កាហ្សា ជាមួយនឹងរថយន្តដឹកទំនិញសរុបចំនួន ២.៣៩១គ្រឿង ដែល ផ្តល់ជំនួយជាង ២៩.២៧៤ តោន។
ទីភ្នាក់ងារព័ត៌មាន បានបន្ថែមថា សម្ភារៈផ្គត់ផ្គង់សំខាន់ៗដែលផ្តល់ដោយក្បួនរថយន្តចុងក្រោយ រួមមានឧបករណ៍វេជ្ជសាស្ត្រដូចជា ម៉ាស៊ីនលាងឈាម ឧបករណ៍ស្កែនសរីរាង្គខាងក្នុងរាងកាយ ឈុតជួយសង្គ្រោះ កៅអីរុញ និងរបាំងជំនួយការដកដង្ហើម។ របស់របរផ្សេងទៀត រួមមាន អាហារ តង់ និង ម្សៅគ្រាប់ធញ្ញ ជាតិ។

លោក Fadel Al-Shamsi អ្នកនាំពាក្យសម្រាប់ប្រតិបត្តិការជំនួយរបស់ប្រជាជនអារ៉ាប់រួម បាននិយាយថា ការថែទាំ ត្រូវបានយកចិត្តទុកដាក់ ដើម្បីរក្សាបាននូវស្តង់ដាសុវត្ថិភាព និងគុណភាពខ្ពស់បំផុត ក្នុងអំឡុងពេលស្តុកទុក និងដឹកជញ្ជូនសម្ភារៈពេទ្យ ទៅកាន់តំបន់ហ្កាហ្សា។