ប្រភពសន្តិសុខទួរគី បាននិយាយកាលពីថ្ងៃចន្ទថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសទួរគី បានធ្វើប្រតិបត្តិការឆ្លងព្រំដែនមួយ ក្នុងប្រទេសស៊ីរី និងបានចាប់ខ្លួនបុរសម្នាក់ដែលសង្ស័យថា បានវាយប្រហារដោយគ្រាប់បែក កាលពីឆ្នាំ ២០១៣ នៅជិតព្រំដែនស៊ីរី ដែលបានបណ្តាលមនុស្សរាប់សិប នាក់ស្លាប់។

ការបំផ្ទុះគ្រាប់បែកដាក់ក្នុងរថយន្តចំនួនពីរគ្រាប់ បានធ្វើឲ្យកក្រើកទីប្រជុំជនព្រំដែន Reyhanli ក្នុងខេត្ត Hatay កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៣ ដោយបានសម្លាប់មនុស្ស ៥៣នាក់។ នៅពេលនោះប្រទេសទួរគី បានចោទប្រកាន់ក្រុមដែលស្មោះត្រង់នឹងលោកប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ (Bashar al-Assad)ថា បានធ្វើការវាយប្រហារនោះ។ ទីក្រុងដាម៉ាស បានបដិសេធមិនមានការជាប់ពាក់ព័ន្ធណាមួយឡើយ។

ប្រភពដដែលបាននិយាយថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ (MIT) របស់ប្រទេសទួរគី បានរកឃើញថា លោក Muhammed Dib Korali ដែលត្រូវបានគេសង្ស័យថា បានរៀបចំផែនការវាយប្រហារ និងផ្តល់គ្រាប់បែកទាំងនោះ គឺស្ថិតនៅក្នុងប្រទេសស៊ីរី។ ប្រភពបានបន្ថែមថា MIT បានចាប់ខ្លួនគាត់ នៅក្នុងប្រតិបត្តិការឆ្លងព្រំដែន ចូលទៅក្នុងប្រទេសស៊ីរី ហើយបានប្រគល់ខ្លួនគាត់ ទៅនគរបាលខេត្ត Hatay ។

ចំណែកលោក Yusuf Nazik ជាជនជាតិទួរគីម្នាក់ ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ អស់មួយជីវិត ពីបទរៀបចំផែនការវាយប្រហារដោយគ្រាប់បែក កាលពីឆ្នាំ ២០១៣ ក៏ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសស៊ីរីដោយ MIT ក្នុងឆ្នាំ ២០១៨។