អាជ្ញាធរតំបន់បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងនៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់១១នាក់ រួមទាំង៩នាក់បានស្លាប់ដោយសារបំណាក់ដីនៅតំបន់ជ្រលងភ្នំ នៅរដ្ឋ Minas Gerais អំឡុងពេលព្រឹកព្រលឹម។
យោងតាមអង្គភាពពន្លត់អគ្គិភ័យរបស់រដ្ឋបានឲ្យដឹងថា បំណាក់ដីបណ្តាលឲ្យមនុស្ស៩នាក់ស្លាប់ និងម្នាក់បាត់ខ្លួន នៅក្នុងទីក្រុង Ipatinga។ ទីក្រុងនេះ រងការវាយប្រហារទាំងបំណាក់ដី និងទឹកជំនន់ បន្ទាប់ពីភ្លៀងធ្លាក់រយៈពេលមិនដល់មួយម៉ោង។ ក្នុងការឆ្លើយតប មន្ត្រីតំបន់ បានប្រកាសពីស្ថានភាពគ្រាសន្ននៃគ្រោះមហន្តរាយសាធារណៈ។
នៅក្នុងសារវីដេអូមួយនៅលើបណ្តាញផ្សព្វផ្សាយសង្គម លោក Romeu Zema អភិបាលរដ្ឋ Minas Gerais បានប្រកាសថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុង Ipatinga ដើម្បីវាយតម្លៃគ្រោះមហន្តរាយ និងរៀបចំលំនៅឋានបណ្តោះអាសន្នសុវត្ថិភាព សម្រាប់អ្នកដែលភៀសខ្លួនចេញពីលំនៅឋាន។
ទន្ទឹមនឹងនេះ នៅទីក្រុង Santa Catarina ភ្លៀងធ្លាក់ខ្លាំងក៏បានបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និង ម្នាក់បាត់ខ្លួន។
រដ្ឋាភិបាលរដ្ឋ បានរាយការណ៍ថាមានភ្លៀងធ្លាក់ក្នុងកម្រិត១២១,៤ មីល្លីម៉ែត្រក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នាំឱ្យមានការបិទផ្លូវជាច្រើនកន្លែង។ គណៈកម្មាធិការគ្រប់គ្រងវិបត្តិ ត្រូវបានបង្កើតឡើង ដើម្បីពិនិត្យមើលប្រតិបត្តិការជួយសង្គ្រោះ និងជួសជុលផ្លូវ ដែលរងការបំផ្លាញ។