ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បាននិយាយថា ចិននឹងប្រឈមនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើប្រទេសនេះបើកការវាយប្រហារតាមអ៊ីនធឺណិត ដែលបណ្តាលឲ្យមានការបំផ្លិចបំផ្លាញជាក់ស្ដែង នៅសហរដ្ឋអាមេរិក ហើយការរារាំងសកម្មភាពបែបនេះ គួរតែជាអាទិភាពសម្រាប់រដ្ឋបាលនាបេលខាងមុខរបស់លោក Donald Trump។
លោក Sullivan បាននិយាយថា សហរដ្ឋអាមេរិកមានភស្តុតាងដែលបង្ហាញថា ប្រទេសចិនកំពុងកំណត់ទុកជាមុន សម្រាប់ការវាយប្រហារបែបនេះ នៅចំណុចណាមួយនាពេលអនាគត ដោយបញ្ជាក់ពីការព្រួយបារម្ភពីមន្ត្រីអាមេរិកកាលពីអតីតកាល។ លោកបានលើកឡើងបែបនេះក្នុងបទសម្ភាសន៍ នៅឯការិយាល័យព័ត៌មានរបស់សារព័ត៌មាន Bloomberg ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ (ទី១៣ ខែមករា)។
លោក Sullivan បានប្រាប់ថា៖ «យើងបានផ្ញើសារច្បាស់លាស់មួយទៅកាន់មេដឹកនាំរបស់ប្រទេសចិនថា ប្រសិនបើពួកគេធ្វើដូច្នេះ ពោលគឺប្រសិនបើពួកគេពិតជាបានវាយប្រហារតាមអ៊ីនធឺណិតដែលផ្ដល់ការបំផ្លិចបំផ្លាញជាកស្ដែង នៅសហរដ្ឋអាមេរិកនោះ នឹងមានផលវិបាកធ្ងន់ធ្ងរ»។ យើងនឹងត្រូវបន្តរារាំងប្រទេសចិនកុំឲ្យធ្វើបែបនេះ ព្រោះយើងបានឃើញពួកគេរៀបចំ ឬបង្កើតទីតាំង ដើម្បីអាចធ្វើបែបនោះ នាពេលអនាគត។ នោះជាអ្វីដែលក្រុមថ្មី នឹងត្រូវបន្តធ្វើការផ្នែកផ្ទៃក្នុង»។
ការព្រមានរបស់លោក Sullivan នេះ កើតមានឡើងបន្ទាប់ពីមានការវាយប្រហារគួរឲ្យកត់សម្គាល់ជាបន្តបន្ទាប់ដោយក្រុមចោរព័ត៌មានវិទ្យារបស់ចិន ប្រឆាំងនឹងភ្នាក់ងារ និងក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមទាំងការបំពានដែលត្រូវបានរាយការណ៍ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចូលកុំព្យូទ័ររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងរតនាគារសហរដ្ឋអាមេរិកផងដែរ៕