សមាជិកសភាគណបក្សប្រជាធិបតេយ្យចំនួន ២រូប កាលពីថ្ងៃចន្ទ (ទី១៣ ខែមករា) បានជំរុញឲ្យសភានិងប្រធានាធិបតីលោក Joe Biden ពន្យារកាលបរិច្ឆេទផុតកំណត់ថ្ងៃទី១៩ ខែមករា ពោលគឺជាពេលវេលាតម្រូវឲ្យក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅប្រទេសចិន លក់ទ្រព្យសម្បត្តិបណ្ដាញសង្គម TikTok នៅសហរដ្ឋអាមេរិក ឬបើមិនដូច្នោះទេ ត្រូវប្រឈមនឹងការហាមឃាត់មិនឲ្យមានវត្តមាននៅសហរដ្ឋអាមេរិកតែម្ដង។
តុលាការកំពូលបានលើកទឡ្ហីករណ៍កាលថ្ងៃទី១០ ខែមករា ពាក់ព័ន្ធនឹងបណ្ដាញសង្គម TikTok និងបញ្ហាប្រឈមផ្នែកច្បាប់របស់ក្រុម ByteDance។ លោក Noel Francisco មេធាវីតំណាងក្រុមហ៊ុន បាននិយាយថា ការលក់មិនអាចបញ្ចប់បាននោះទេ ត្រឹមថ្ងៃកំណត់ នាសប្តាហ៍ក្រោយ។
លោក Biden អាចពន្យារពេលកំណត់ត្រឹម ៩០ថ្ងៃ ប្រសិនបើលោកបញ្ជាក់ថា ក្រុមហ៊ុន ByteDance កំពុងធ្វើឲ្យមានវឌ្ឈនភាពខ្លាំងឆ្ពោះទៅរកការលក់ ប៉ុន្តែវាមិនទំនងថា ByteDance អាចបំពេញតាមស្តង់ដារនោះទេ។
ព្រឹទ្ធសមាជិក លោក Edward Markey បាននិយាយថា លោកមានគម្រោងបង្ហាញច្បាប់ ដើម្បីពន្យារពេលកំណត់ដែលក្រុមហ៊ុន ByteDance ត្រូវតែលក់ TikTok ឬត្រូវប្រឈមនឹងការហាមឃាត់ ដោយបន្ថែមពេល ២៧០ថ្ងៃ។
តំណាងរាស្ត្រ លោក Ro Khanna ដែលជាសមាជិករបស់បក្សប្រជាធិបតេយ្យ កាលពីថ្ងៃទី១៣ ខែមករា បានជំរុញឲ្យលោក Biden និងប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump «ផ្អាកបម្រាមនេះ ដើម្បីឲ្យប្រជាជនអាមេរិកចំនួន ១៧០លាននាក់មិនបាត់បង់សេរីភាពបញ្ចេញមតិរបស់ពួកគេ ហើយបាននិយាយថា ជីវភាពរស់នៅរបស់ប្រជាជនអាមេរិករាប់លាននាក់ នឹងត្រូវបញ្ចប់ ប្រសិនបើបម្រាមនេះកើតឡើង»៕