ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelensky) បាននិយាយថា លោកបាននិយាយជាមួយសមភាគីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាលពីថ្ងៃចន្ទ ហើយបានពិភាក្សាអំពីគំនិតនៃការដាក់ពង្រាយ«ទ័ពជំនួយ»របស់លោកខាងលិច ទៅកាន់អ៊ុយក្រែន។
មេដឹកនាំអ៊ុយក្រែនរូបនេះ មិនបាននិយាយថាតើខ្លួនកំពុងនិយាយអំពីទាហានប្រយុទ្ធរបស់លោកខាងលិច ឬអ្នករក្សាសន្តិភាព ជាផ្នែកមួយនៃដំណោះស្រាយ ដើម្បីបញ្ចប់សង្រ្គាមជិតបីឆ្នាំ ជាមួយរុស្ស៊ីនោះទេ។
លោក ហ្សេឡិនស្គី បាននិយាយនៅក្នុងសុន្ទរកថាល្ងាចរបស់ខ្លួនថា៖« ថ្ងៃនេះ ខ្ញុំបាននិយាយជាមួយប្រធានាធិបតីបារាំង។ នេះ គឺជាការសន្ទនាដ៏វែង និងលម្អិត។ យើងបានពិភាក្សាអំពីការគាំទ្រផ្នែកការពារ គឺទម្រង់ផ្សេងៗនៃការការពារជាតិ និងកញ្ចប់សព្វាវុធសម្រាប់ប្រទេសអ៊ុយក្រែន»។
លោកបានបន្ថែមថា៖ «យើងក៏បានពិភាក្សាអំពីការដាក់ពង្រាយទាហានជំនួយរបស់ដៃគូសហការ និងការហ្វឹកហ្វឺនយោធារបស់យើងផងដែរ»។
លោក ម៉ាក្រុង បានបំផុសគំនិតនៃការបញ្ជូនទាហានលោកខាងលិច ទៅកាន់អ៊ុយក្រែនពីមុន រួមទាំងកាលពីខែមុន នៅពេលដែលលោក និងនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានពិភាក្សាអំពីលទ្ធភាពនៃការដាក់កងរក្សាសន្តិភាព នៅទីនោះ ក្នុងករណីមានបទឈប់បាញ់។