ករណីថ្មីនៃជំងឺភ្លេចភ្លាំងនៅសហរដ្ឋអាមេរិក នឹងកើនឡើងទ្វេដងនៅឆ្នាំ២០៦០ ពីកម្រិត នៅឆ្នាំ២០២០។ នេះបើយោងតាមការសិក្សាដែលគូសបញ្ជាក់ពីតម្រូវការបន្ទាន់ ដើម្បីឲ្យមានគោលនយោបាយគាំទ្រដល់ប្រជាជនវ័យចំណាស់ដែលមានសុខភាពល្អ។
បើយោងតាមការស្រាវជ្រាវដែលបានចេញផ្សាយនៅថ្ងៃទី១៣ ខែមករានេះ ក្នុងទស្សនាវដ្តី Nature Medicine បានឲ្យដឹងថា ចំនួនប្រជាជនអាមេរិកដែលត្រូវបានធ្វើរោគវិនិច្ឆ័យជារៀងរាល់ឆ្នាំ ពាក់ព័ន្ធនឹងបញ្ហាខួរក្បាល ត្រូវបានព្យាករថា នឹងកើនឡើងដល់ប្រហែល ១លាននាក់ ក្នុងរយៈពេល ៣៥ឆ្នាំខាងមុខ។

អ្នកស្រាវជ្រាវបានលើកឡើងថា មនុស្សមិនក្រោម ២នាក់ ក្នុងចំណោម ៥នាក់ដែលមានអាយុលើសពី ៥៥ឆ្នាំ ត្រូវបានគេរំពឹងថា នឹងវិវត្តន៍ទៅរកស្ថានភាពនោះ អំឡុងវដ្ដជីវិតរបស់ពួកគេ ដោយស្ត្រី មនុស្សពេញវ័យស្បែកខ្មៅ និងអ្នកដែលមានអាយុលើសពី ៧៥ឆ្នាំ កាន់តែមានហានិភ័យខ្ពស់ជាងគេ។
គួរបញ្ជាក់ថា ជំងឺភ្លេចភ្លាំងអាចពាក់ព័ន្ធនឹងការបាត់បង់សមត្ថភាពនៃការចងចាំ ការផ្តោតអារម្មណ៍ និងការសម្រេចចិត្ត ហើយជាមូលហេតុសកលនាំមុខគេទី៧ ដែលបណ្ដាលឲ្យមានការស្លាប់ ក្នុងចំណោមមនុស្សវ័យចំណាស់។
បណ្ដាអ្នកស្រាវជ្រាវបានសង្កត់ធ្ងន់ថា ការជួយសាធារណៈជនឲ្យយល់ដឹង អំពីហានិភ័យនៃជំងឺនេះ គួរតែជំរុញឲ្យមានសកម្មភាព លើកកម្ពស់ផែនការសុខភាពសាធារណៈ និងចេញនូវគោលនយោបាយដ៏មានឥទ្ធិពល៕


