ប្រទេសអេត្យូពីកាលពីថ្ងៃសុក្រ បានប្រកាសថា ខ្លួននឹងសហការជាមួយកម្លាំងសហភាពអាហ្វ្រិកថ្មីប្រឆាំងនឹងក្រុមបះបោរ Al-Shabab នៅក្នុងប្រទេសសូម៉ាលី ដែលគ្រោងនឹងដាក់ពង្រាយ នៅចុងខែនេះ។
ប្រទេសសូម៉ាលី ធ្លាប់បានបញ្ជាក់ថា ទាហានអេត្យូពី នឹងមិនចូលរួមទេ ដោយសារតែទំនាក់ទំនងដ៏តានតឹងរវាងបណ្តាប្រទេសញកអាហ្រ្វិក( Horn of Africa) បន្ទាប់ពីប្រទេសអេត្យូពីដែលមិនជាប់នឹង សមុទ្រ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែនសមុទ្រ ជាមួយនឹងតំបន់បែងចែកនៃប្រទេសសូម៉ាលី ឡែន ដើម្បីចូលទៅកាន់ឆ្នេរសមុទ្រ។
ប៉ុន្តែបន្ទាប់ពីជម្លោះជាច្រើនខែមក អ្នកជិតខាងទាំងពីរ បានយល់ព្រមបន្ធូរបន្ថយអរិភាព ក្នុងកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសទួរគី។
រដ្ឋមន្ត្រីការពារជាតិអេត្យូពី លោក Aisha Mohammed បានដឹកនាំដំណើរទស្សនកិច្ចកម្រិតខ្ពស់ ទៅកាន់ប្រទេសសូម៉ាលី កាលពីថ្ងៃព្រហស្បតិ៍ ដោយជួបជាមួយលោកប្រធានាធិបតី Hassan Sheikh Mohamud និងបានថ្លែងសារមួយពីលោកនាយករដ្ឋមន្ត្រី Abiy Ahmed ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអេត្យូពី បានលើកឡើងថា៖«ការពិភាក្សា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការធ្វើការរួមគ្នា ដើម្បីធានាសន្តិភាព និងស្ថិរភាព នៅក្នុងប្រទេសសូម៉ាលី និងក្នុងតំបន់»។