សារព័ត៌មានអនឡាញក្នុងស្រុក Al-Watan បានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រសួងការពារជាតិបណ្តោះអាសន្នរបស់ប្រទេសស៊ីរី បានយល់ព្រមជាមួយក្រុមប្រដាប់អាវុធភាគច្រើន លើការបង្កើតកងទ័ពបង្រួបបង្រួមជាតិ។
ការរៀបចំនេះ រួមមានកិច្ចព្រមព្រៀងជាមួយក្រុមនៃអ្វីដែលហៅថា កងទ័ពជាតិស៊ីរី នៅភាគខាងជើង ដោយដាក់ចេញនូវផែនការសម្រាប់សមាហរណកម្មរបស់ពួកគេ ទៅក្នុងកងកម្លាំងជាតិ ដែលត្រូវរៀបចំកែទម្រង់ថ្មី។
យោងតាមរបាយការណ៍នេះ ក្រសួងបានច្រានចោលរាល់និកាយ សាសនា ឬស្វ័យភាពក្នុងតំបន់សម្រាប់ក្រុមប្រដាប់អាវុធទាំងអស់។
មន្ត្រីម្នាក់មកពីក្រសួងត្រូវបានដកស្រង់សម្តី ដែលដោយនិយាយថា ជំនួសមកវិញ ក្រសួងមានគោលបំណងកសាងកងទ័ពដែលមានជំនាញវិជ្ជាជីវៈ មានសាមគ្គីភាព ដែលមានអ្នកស្ម័គ្រចិត្ត ជាជាងទាហានដែលគេជ្រើសរើស។
ក្រសួងក៏មានគម្រោងធ្វើសមាហរណកម្មអតីតកងទ័ពស៊ីរីសេរី ទៅក្នុងរចនាសម្ព័ន្ធការពារផងដែរ។ កងទ័ពស៊ីរីសេរី គឺជាក្រុមចម្រុះនៃបុគ្គលិកយោធាស៊ីរី ដែលបានរត់ចោលជួរ និងយុទ្ធជនស៊ីវិល ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១១ ដើម្បីប្រឆាំងនឹងអតីតរដ្ឋាភិបាល អំឡុងសង្គ្រាមស៊ីវិល។
សារព័ត៌មាន Al-Watan Online បានកត់សម្គាល់ថា ផែនការបឋមនេះ បានធ្វើតាមការពិភាក្សាយ៉ាងទូលំទូលាយរវាងមន្ត្រីការពារជាតិ និក្រុមផ្សេងៗ។ ការចរចាជាមួយក្រុមប្រដាប់អាវុធដែលនៅសេសសល់ ត្រូវបានគេរំពឹងថា នឹងបន្តនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ នៅពេលដែលទីក្រុងដាម៉ាស ឆ្ពោះទៅរកការបង្កើតនូវអ្វីដែលខ្លួនហៅថា «កងទ័ពជាតិដ៏រឹងមាំ»។