ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងបង្ហាញពីមូលហេតុ ដែលយកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បើកសម័យប្រជុំ វិសាមញ្ញ ព្រឹទ្ធសភានីតិកាលទី៥ ដើម្បីពិនិត្យ និងអនុម័តសេចក្តីស្នើ សុំវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។ ក្នុងឱកាសដឹកនាំសម័យប្រជុំនេះដែរ សម្តេចតេជោ ក៏បានថ្លែងរំលឹករឿងដែលសម្តេចឡើងធ្វើជានាយករដ្ឋមន្ត្រី កាលពី ៤០ឆ្នាំមុន គឺចំថ្ងៃទី១៤ ខែមករានេះ។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ គឺជាខួបគម្រប់៤០ឆ្នាំ (១៤ មករា ១៩៨៥-១៤ មករា ២០២៥) ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន ត្រូវបានផ្តល់សេចក្តីទុកចិត្តពីសភា ឲ្យកាន់តំណែងជានាយករដ្ឋមន្ត្រី (ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី)។ សម្តេចតេជោ បានបន្តថា ពាក្យដែលសម្តេច ថ្លែងក្នុងសភា ក្រោយជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី មិនត្រូវទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយដែលមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។
សូមជម្រាបថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៥ នេះ គឺជាខួបទី៤០ឆ្នាំ នៃការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្ដេចបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ដែលពេលនោះសម្ដេចមានវ័យត្រឹមតែ៣២ឆ្នាំតែប៉ុណ្ណោះ ដែលអាចចាត់ទុកថា សម្ដេចជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក៕
អត្ថបទ៖ វ៉ន ដារ៉ា



