ទេសាភិបាលធនាគារកណ្តាលថ្មីរបស់ស៊ីរី លោកស្រី Maysaa Sabreen បាននិយាយថា លោកស្រីចង់លើកកម្ពស់ឯករាជ្យភាពរបស់ស្ថាប័ននេះ ជុំវិញការសម្រេចគោលនយោបាយរូបិយវត្ថុ ជាអ្វីដែលនឹងក្លាយជាការផ្លាស់ប្តូរយ៉ាងធំធេងពីការគ្រប់គ្រងដ៏តឹងរ៉ឹងដែលត្រូវបានអនុវត្ត នៅក្រោមរបបរបស់ក្រុមគ្រួសារ Assad។
លោកស្រី Sabreen ដែលពីមុនជាអ្នកគ្រប់គ្រងទី២ របស់ធនាគារកណ្តាលនៃប្រទេសស៊ីរី បានចូលកាន់តំណែងបណ្ដោះអាសន្នពីអតីតទេសាភិបាល លោក Mohammed Issam Hazime កាលពីចុងឆ្នាំមុន។ លោកស្រី គឺជាគំរូដ៏កម្រមួយនៃអតីតបុគ្គលិករដ្ឋជាន់ខ្ពស់ដែលត្រូវបានដំឡើងឋានៈ បន្ទាប់ពីមាននូវការវាយលុកយ៉ាងលឿនរហ័សដូចផ្លេកបន្ទោរពីសំណាក់មេដឹកនាំអ៊ីស្លាមថ្មីរបស់ប្រទេសស៊ីរី ដែលបាននាំឲ្យប្រធានាធិបតី លោក Bashar al-Assad ធ្លាក់ចេញពីអំណាច កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយជាលើកដំបូងរបស់លោកស្រី គិតចាប់តាំងពីចូលកាន់តំណែង លោកស្រីបានប្រាប់សារព័ត៌មាន Reuters ថា៖ «ធនាគារកំពុងធ្វើការ ពាក់ព័ន្ធនឹងការរៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់របស់ធនាគារ ដើម្បីលើកកម្ពស់ឯករាជ្យភាពរបស់ស្ថាប័ននេះ ក្នុងនោះរួមទាំងការអនុញ្ញាតឲ្យធនាគារមានសេរីភាពកាន់តែច្រើនជាងមុន ក្នុងការសម្រេចទាក់ទងនឹងគោលនយោបាយរូបិយវត្ថុ»។
ការផ្លាស់ប្តូរនេះ នឹងត្រូវការការយល់ព្រមពីអាជ្ញាធរកាន់អំណាចថ្មីរបស់ស៊ីរី ទោះបីជាដំណើរការស្ថិតក្នុងដំណាក់កាលដែលមិនមានភាពច្បាស់លាស់នេះក៏ដោយ។ យ៉ាងណាក្ដី លោកស្រី Sabreen មិនបានបញ្ជាក់ប្រាប់ពីពេលវេលានោះឡើយ។ អ្នកសេដ្ឋកិច្ចចាត់ទុកឯករាជ្យភាពរបស់ធនាគារកណ្តាលថា មានសារៈសំខាន់ ដើម្បីសម្រេចបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុរយៈពេលវែង៕
