ប្រទេសរុស្ស៊ីប្រាប់ថា ខ្លួនបានកត់សម្គាល់ឃើញការផ្លាស់ប្តូរពីប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump និងក្រុមរបស់លោក ដោយពួកគេកំពុងឆ្ពោះទៅរកការទទួលស្គាល់ «ការពិត» នៃស្ថានភាព នៅអ៊ុយក្រែន ហើយមើលឃើញថា នេះគឺជាសញ្ញាដ៏វិជ្ជមានមួយ ខណៈដែលខ្លួនត្រៀមពិនិត្យយ៉ាងម៉ត់ចត់នូវផែនការរបស់លោក ដើម្បីបញ្ចប់សង្រ្គាម។
គួរបញ្ជាក់ថា វិមានក្រឹមឡាំងឲ្យដឹងថា ខ្លួនបើកចំហ សម្រាប់កិច្ចប្រជុំ រវាងប្រធានាធិបតី លោក Vladimir Putin និងលោក Trump ដែលគណបក្សសាធារណរដ្ឋ កាលពីថ្ងៃចន្ទ (ទី១៣ ខែមករា) បានប្រាប់ថា នឹងកើតមានឡើង «យ៉ាងឆាប់រហ័ស»។
ហើយនៅថ្ងៃអង្គារ (ទី១៤ ខែមករា) នេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយថា ទីក្រុងមូស្គូ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសិក្សាគំនិតរបស់លោក Trump សម្រាប់ការបញ្ចប់ជម្លោះ នៅអ៊ុយក្រែន នៅពេលដែលលោកចូលកាន់តំណែង នាថ្ងៃទី២០ ខែមករា។
លោក Lavrov បានប្រាប់សន្និសីទសារព័ត៌មានថា រុស្ស៊ីបានស្វាគមន៍ ចំពោះការពិត ដែលថា រដ្ឋបាលខាងមុខ «បានចាប់ផ្តើមនិយាយញឹកញាប់ជាងមុន អំពីស្ថានភាពពិតប្រាកដ»។ ការលើកឡើងបែបនេះរបស់លោកបានសំដៅទៅលើការអត្ថាធិប្បាយទាំងពីលោក Trump និងទីប្រឹក្សាសន្តិសុខជាតិនាពេលខាងមុខ គឺលោក Mike Waltz។
លោក Waltz បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ABC កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកថា វាគឺច្បាស់ណាស់ថា សង្រ្គាមត្រូវតែបញ្ចប់ដោយមធ្យោបាយការទូត៕