ឆ្នេរសមុទ្រចំនួន ៩កន្លែងនៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី រួមទាំងឆ្នេរសមុទ្រដ៏ល្បីល្បាញ Manly ត្រូវបានបិទសម្រាប់អ្នកហែលទឹកនាថ្ងៃអង្គារនេះ ក្រោយកម្ទេចកម្ទីរាងជាបាល់ពណ៌ស បានរសាត់អណ្តែតទើរលើឆ្នេរ អំឡុងពេលរដូវវិស្សមកាលរដូវក្តៅដ៏មមាញឹកខ្លាំងបំផុតនេះ ។
ក្រុមប្រឹក្សាឆ្នេរសមុទ្រខាងជើង និយាយថា ពួកគេកំពុងធ្វើការ ដើម្បីយកចេញដោយសុវត្ថិភាពកម្ទេចកម្ទីដ៏អាថ៌កំបាំងមួយនេះ ។
ពួកគេនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ភាគច្រើននៃសំណាកកម្ទេចកម្ទីរាងដូចបាល់នេះ មានទំហំប៉ុនថ្មម៉ាប់ ហើយសំណាកខ្លះ មានទំហំធំជាងនេះ ។
កាលពីខែតុលា ឆ្នាំមុន ឆ្នេរសមុទ្រជាច្រើន រួមទាំងឆ្នេរសមុទ្រនិមិត្តរូប Bondi ស្ថិតនៅភាគខាងកើតទីប្រជុំជនទីក្រុងស៊ីដនី ត្រូវបានបិទ ក្រោយបាល់ពណ៌ខ្មៅរាប់ពាន់បាល់ បានអណ្តែតទើរលើឆ្នេរសមុទ្រ ។
ក្រោយមក ការស៊ើបអង្កេត បានរកឃើញថា បាល់ទាំងនោះត្រូវបានបង្កើតឡើងពីអាស៊ីតខ្លាញ់ សារធាតុគីមីស្រដៀងគ្នានឹងសារធាតុនៅក្នុងគ្រឿងសំអាង និងផលិតផលលាងសម្អាត ព្រមទាំងសក់ កាកសំណល់អាហារ និងសម្ភារៈផ្សេងទៀតដែលពាក់ព័ន្ធនឹងកាកសំណល់ទឹក ៕