នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោកមកកាន់ប្រទេសវៀតណាម ជាមួយនឹងពិធីស្វាគមន៍ថ្នាក់រដ្ឋនៅក្នុងរដ្ឋធានីហាណូយ នាថ្ងៃអង្គារនេះ ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានធ្វើជាម្ចាស់ពិធីស្វាគមន៍ ជាទីដែលនាយករដ្ឋមន្រ្តីទាំង ២ ត្រួតពិនិត្យឆ្មាំកិត្តិធម៌ មុនពេលបន្តកិច្ចប្រជុំទ្វេភាគី ។
ក្រោយមក ប្រទេសទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យថាមពល ការពារជាតិ និងវិស័យផ្សេងៗជាច្រើនទៀត ។
យោងតាមឯកសាររួម បានឲ្យដឹងថា នៅក្នុងចំណោមកិច្ចព្រមព្រៀងទាំងនោះ គឺជាកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនថាមពលនុយក្លេអ៊ែររុស្ស៊ី Rosatom និងក្រុមហ៊ុនសេវាថាមពលរដ្ឋវៀតណាម EVN ដើម្បីធ្វើឲ្យល្អប្រសើរឡើងកិច្ចសហប្រតិបត្តិការលើវិស័យនុយក្លេអ៊ែរ ។
អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកដែលនឹងបញ្ចប់នៅថ្ងៃពុធ លោក Mishustin នឹងជួបជាមួយមេដឹកនាំកំពូលផ្សេងទៀតរបស់វៀតណាម រួមទាំងប្រធានបក្សលោក To Lam លោកប្រធានាធបិតី Luong Cuong និងប្រធានសភាលោក Tran Thanh Man ។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Mishustin មកកាន់ប្រទេសវៀតណាម ចាប់តាំងពីរូបលោកបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីរុស្ស៊ី កាលពីឆ្នាំ ២០២០ ៕