នៅថ្ងៃអង្គារនេះ សាក្សីម្នាក់ថតបានរូបភាពវីដេអូឃ្លីបឃើញអណ្តាតភ្លើងដ៏ធំសន្ធោសន្ធៅ និងសំណុំផ្សែងហុយចេញពីតំបន់ឧស្សាហកម្ម ។ សាក្សីរូបនោះ បាននិយាយនៅក្នុងវីដេអូថា នោះគឺជារោងចក្រចម្រាញ់ប្រេង Saratov ដែលរងការវាយប្រហារដោយយានដ្រូន ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងពីទ្រង់ទ្រាយរបស់សសរស្តម្ភរោងចក្រចម្រាញ់ប្រេង អគារ និងដើមឈើជុំវិញ ដោយផ្គូរផ្គងជាមួយរូបភាពផ្កាយរណប ។
ក្រុមមន្រ្តីអ៊ុយក្រែន និយាយថា តំបន់របស់រុស្ស៊ី រងការវាយប្រហារដោយយានដ្រូន និងមីស៊ីល កាលពីយប់កន្លងទៅ ធ្វើឲ្យមានការខូចខាងរោងចក្រនៅតាមទីក្រុងយ៉ាងហោច ៣កន្លែង ។
លោក Roman Busargin គឺជាអភិបាលតំបន់ Saratov ស្ថិតនៅចម្ងាយ ៧២០គ.មភាគអាគ្នេយ៍ទីក្រុងម៉ូស្គូ និយាយថា ទីក្រុង Saratov និងទីក្រុង Engels ស្ថិតនៅទល់មុខគ្នាតាមច្រាំងទន្លេ Volga រងការវាយប្រហារដោយយានដ្រូនទ្រង់ទ្រាយធំ ហើយមាននូវការខូចខាតនៅតាមតំបន់ឧស្សាហកម្ម ២កន្លែង ។
គួរឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយកាលពីខែវិច្ឆិកាកន្លងទៅថា សង្រ្គាមអ៊ុយក្រែន បានរីកាន់តែធំក្លាយជាជម្លោះសកល ក្រោយសហរដ្ឋអាមេរិក និងអង់គ្លេស អនុញ្ញាតឲ្យអ៊ុយក្រែនវាយប្រហារជាលើកដំបូងចូលទៅក្នុងទឹកដីរុស្ស៊ីកាន់តែជ្រៅ ៕