ពិភពលោក៖ ករណីឆ្លង COVID-19 នៅទូទាំងពិភពលោកបានឈានដល់ជាង ២៥០លាននាក់កាលពីថ្ងៃអាទិត្យ ខណៈការកើនឡើងពីករណីឆ្លងវីរុសបម្លែងខ្លួនថ្មី Delta បានធូរស្រាល ហើយការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ជាធម្មតាបានចាប់ផ្ដើមឡើងវិញ ទោះបីជាប្រទេសមួយចំនួននៅអឺរ៉ុបខាងកើតកំពុងជួបប្រទះការផ្ទុះឡើង ដោយមានករណីឆ្លងខ្ពស់បំផុតក៏ដោយ។

ក្នុងរយៈពេល ៣ខែចុងក្រោយនេះចំនួនករណីឆ្លងជាមធ្យមប្រចាំថ្ងៃបានធ្លាក់ចុះ ៣៦% នេះបើយោងតាមការវិភាគរបស់សារព័ត៌មាន Reuters។ ការវិភាគបានបង្ហាញថា ទោះបីជាការរីករាលដាលបានថយចុះក៏ដោយ ក៏វីរុសនេះនៅតែកំពុងឆ្លងដល់មនុស្ស ៥០លាននាក់រៀងរាល់ ៩០ថ្ងៃដោយសារវីរុសបម្លែងខ្លួនថ្មី Delta ដែលមានសមត្ថឆ្លងរហ័ស។ វីរុស COVID-19 បានឆ្លងរាលដាលដល់មនុស្សជាង ៥០លាននាក់ជាលើកដំបូងក្នុងរយៈពេលជិត ១ឆ្នាំ។ ក្រុមអ្នកជំនាញផ្នែកសុខភាពមានសុទិដ្ឋិនិយមថា ប្រទេសជាច្រើនលែងសូវអើពើនឹងជំងឺរាតត្បាតសកលដ៏អាក្រក់បំផុតដោយសារសំអាងលើវ៉ាក់សាំង និងការប៉ះពាល់ដោយធម្មជាតិ ទោះបីជាពួកគេព្រមានថាអាកាសធាតុត្រជាក់ខ្លាំង និងការជួបជុំថ្ងៃឈប់សម្រាកនាពេលខាងមុខអាចបង្កឲ្យករណីឆ្លងហក់ឡើងក៏ដោយ។
លោកស្រី Maria Van Kerkhove អ្នកឯកទេសខាងជំងឺរាតត្បាតសកលឈានមុខ របស់អង្គការសុខភាពពិភពលោកបានប្រាប់សារព័ត៌មាន Reuters ថា យើងគិតថាចន្លោះពេលនេះដល់ដំណាច់ឆ្នាំ២០២២ គឺជាចំណុចដែលយើងអាចគ្រប់គ្រងលើវីរុសនេះបាន ជាទីដែលយើងអាចកាត់បន្ថយជំងឺធ្ងន់ធ្ងរ និងការស្លាប់បានយ៉ាងច្រើន។ យោងតាមការវិភាគរបស់សារព័ត៌មាន Reuters ការឆ្លងនៅតែកើនឡើងនៅក្នុងប្រទេសចំនួន ៥៥ ក្នុងចំណោម ២៤០ប្រទេសដោយក្នុងនោះមានប្រទេសរុស្ស៊ី អ៊ុយក្រែន និងក្រិកនៅ ឬជិតកម្រិតកំណត់ត្រាខ្ពស់បំផុតនៃករណីឆ្លង ដែលបានរាយការណ៍ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្ដើមកាលពី ២ឆ្នាំមុន៕
អត្ថបទ៖ សុខមាន