អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (១៤ មករា) ថា ខ្លួនកំពុងមមាញឹកក្នុងការរៀបចំពង្រីកជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប ក្រោមបទឈប់បាញ់ដ៏មានសក្តានុពលថ្មីមួយដែលជិតកើតមាន ប៉ុន្តែភាពមិនប្រាកដប្រជាជុំវិញការចូលទៅកាន់ព្រំដែន និងសន្តិសុខនៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ នៅតែជាឧបសគ្គ។
ក្រុមអ្នកចរចានៅប្រទេសកាតា បានដាក់ចេញសេចក្ដីលម្អិតចុងក្រោយនៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅហ្កាហ្សា ដោយអ្នកសម្របសម្រួល និងភាគីជម្លោះទាំងអស់បានពណ៌នាកិច្ចព្រមព្រៀងនោះថា "ឆាប់ៗនេះ"។ កិច្ចព្រមព្រៀងនឹងរួមបញ្ជូលការបង្កើនដ៏សំខាន់នៃជំនួយមនុស្សធម៌ទោក្នុងតំបន់ហ្កាហ្សាស្រ្ទីប។
ក្នុងចំណោមព័ត៌មានលម្អិតដែលគេមិនទាន់ដឹងនោះរួមមាន ថាតើច្រកព្រំដែនមួយណានឹងបើកចូលទៅក្នុងតំបន់ហ្កាហ្សាក្រោមបទឈប់បាញ់ និងថាតើតំបន់ឆ្នេរនេះនឹងមានសុវត្ថិភាពប៉ុណ្ណាសម្រាប់ការចែកចាយជំនួយ ដោយសារការដឹកជញ្ជូនជាច្រើនត្រូវបានដាក់គោលដៅដោយក្រុមជនអន្ធពាលប្រដាប់អាវុធ និងចោរលួចក្នុងអំឡុងពេលជម្លោះ។
អង្គការសហប្រជាជាតិបានត្អូញត្អែរពីឧបសគ្គជំនួយនៅតំបន់ហ្កាហ្សា ពេញមួយសង្រ្គាមដែលមានរយៈពេល ១៥ខែមកនេះ ដោយនិយាយថា ការរារាំងពីអ៊ីស្រាអែល និងភាពគ្មានច្បាប់នៅក្នុងតំបន់ហ៊ុមព័ទ្ធបានប៉ះពាល់ការចូល និងការចែកចាយជំនួយនៅក្នុងតំបន់ហែកហួរដោយសង្គ្រាមមួយនេះ៕