សហរដ្ឋអាមេរិក បានព្រមានកាលពីយប់ថ្ងៃអង្គារសប្ដាហ៍នេះ ថា ដែនដីហ្កាហ្សា ប្រឈមនឹងសង្រ្គាមគ្មានទីបញ្ចប់ ប្រសិនបើអ៊ីស្រាអែល និងក្រុមហាម៉ាស ពុំមានព្រមចុះហេត្ថលេខាលើកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងដើម្បីបញ្ចប់ជម្លោះនេះទេនោះ។

ប្រមុខការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាទីក្រុងវ៉ាស៊ីនតោន បានប៉ាន់ប្រមាណថា ក្រុមហាម៉ាស បានជ្រើសរើសសមាជិកថ្មីយ៉ាងច្រើនស្មើចំនួនដែលខ្លួនបានបាត់បង់អំឡុងសង្គ្រាមប្រឆាំងអ៊ីស្រាអែលជាងមួយឆ្នាំមកនេះ ទន្ទឹមនឹងលោកបានអំពាវនាវឲ្យអ៊ីស្រាអែលទទួលយកដំណោះស្រាយការទូតដើម្បីបញ្ចប់ការប្រយុទ្ធគ្នា។

នៅពេលអ៊ីស្រាអែល បញ្ចប់ប្រតិបត្តិការយោធារបស់ខ្លួនក្រុមសកម្មប្រយុទ្ធនេះ នឹងប្រមូលផ្ដុំគ្នា និងលេចមុខជាថ្មី។
ថ្លែងនៅក្រុមប្រឹក្សាអាត្លង់ទិកកាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោកBlinken បាននិយាយថា យើងសន្និដ្ឋានថា ក្រុមហាម៉ាសបានជ្រើសរើសកម្លាំងថ្មីជិតស្មើនឹងយុទ្ធជនដែលបានស្លាប់ក្នុងសង្គ្រាម។

សម្ដីរបស់លោក បានកើតមានឡើង ខណៈលោកបានបង្ហាញផែនការរបស់ខ្លួនសម្រាប់អ្វីដែលនឹងកើតឡើងនៅតំបន់ហ្កាហ្សាក្រោយចប់សង្រ្គាម រួមទាំងការដាក់ពង្រាយយោធាបរទេសដើម្បីរក្សាសន្តិភាព មុនរដ្ឋបាលប៉ាឡេស្ទីនថ្មីត្រូវបានបង្កើតឡើងនិងបណ្ដុះបណ្ដាល៕