រដ្ឋមន្ត្រីកាបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃអង្គារ បានដាក់ចេញនូវផែនការសម្រាប់ការគ្រប់គ្រងតំបន់ហ្កាហ្សាក្រោយសង្គ្រាម ដោយបាននិយាយថា រដ្ឋបាលរបស់លោកBiden ដែលនឹងចាកចេញពីតំណែង នឹងប្រគល់ផែនទីបង្ហាញផ្លូវទៅឲ្យក្រុមរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ដើម្បីជ្រើសរើស ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានឈានដល់។

ថ្លែងនៅក្រុមប្រឹក្សា Atlantic ក្នុងទីក្រុង Washington នៅថ្ងៃចុងក្រោយរបស់លោកជាអ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក លោក Blinken បាននិយាយថា ទីក្រុង Washington បានមើលឃើញវែងឆ្ងាយ ពីអាជ្ញាធរប៉ាឡេស្ទីនដែលបានកែទម្រង់ដឹកនាំតំបន់ហ្កាហ្សា និងបានអញ្ជើញដៃគូអន្តរជាតិ ដើម្បីជួយបង្កើត និងដំណើរការរដ្ឋបាលបណ្តោះអាសន្ន សម្រាប់តំបន់ហ៊ុមព័ទ្ធមួយនេះ។

ក្រុមអ្នកចរចា បានព្យាយាមដើម្បីទទួលបានកិច្ចព្រមព្រៀង កាលពីថ្ងៃអង្គារ ទី១៤ ខែ មករា ស្តីពីព័ត៌មានលម្អិតចុងក្រោយនៃបទឈប់បាញ់នៅតំបន់ហ្កាហ្សា បន្ទាប់ពីការចរចាររយៈពេលច្រើនម៉ោងនៅក្នុងប្រទេសកាតា ដោយអ្នកសម្របសម្រួល និងភាគីជម្លោះទាំងពីរ និយាយថា កិច្ចព្រមព្រៀងមួយគឺកាន់តែខិតជិតជាងកាលពីពេលមុនៗ។
ទោះបីជាយ៉ាងណា បន្ទាប់ពីកិច្ចពិភាក្សារយៈពេលជាង៨ម៉ោង មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស បានប្រាប់សារព័ត៌មានរ៉យទ័រថា ភាគីប៉ាឡេស្ទីន នៅតែរង់ចាំឱ្យអ៊ីស្រាអែលដាក់ផែនទី ដែលបង្ហាញពីកងកម្លាំងរបស់ខ្លួន នឹងត្រូវដកខ្លួនចេញពីតំបន់ហ្កាហ្សា។
ក្រុមហាម៉ាស ពុំទាន់បានឆ្លើយតបចំពោះផែនការបទឈប់បាញ់នៅឡើយទេ ព្រោះតែអ៊ីស្រាអែល មិនទាន់បានដាក់ផែនទីបង្ហាញពីតំបន់ដែលកងកម្លាំងរបស់ខ្លួននឹងដកចេញ។
មន្ត្រីក្រុមហាម៉ាសនិយាយថា ផែនទី រួមមានការដកកងទ័ពរបស់អ៊ីស្រាអែលចេញពីតំបន់ Netzarim នៅតំបន់ហ្កាហ្សាភាគកណ្តាល ដើម្បីអនុញ្ញាតឱ្យមានការវិលត្រលប់របស់ជនភៀសខ្លួនទៅកាន់លំនៅឋានពួកគេវិញ និងទីក្រុងJabalia ព្រមទាំងនៅតាមដងផ្លូវPhiladelpphi តាមបណ្តោយព្រំដែនភាគខាងត្បូងជាមួយប្រទេសអេហ្ស៊ីប និងទីក្រុង Rafah ដែលនៅជិតព្រំដែននេះ។