ទីក្រុងគីវ បាននិយាយកាលពីថ្ងៃអង្គារថា អ៊ុយក្រែន បានវាយប្រហារតាមអាកាសទ្រង់ទ្រាយធំបំផុតរបស់ខ្លួននៅលើទឹកដីប្រទេសរុស្ស៊ីនៃសង្រ្គាមរយៈពេលជិត៣ឆ្នាំ ដោយបានវាយប្រហារលើរោងចក្រ និងមជ្ឈមណ្ឌលថាមពលដែលមានចម្ងាយរាប់រយម៉ាយស៍ពីសមរភូមិ។

យោធារុស្ស៊ី បានចោទប្រកាន់ទីក្រុងគីវថា បានប្រើប្រាស់មីស៊ីលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសសម្រាប់ការវាយប្រហារមួយក្នុងចំណោមការវាយប្រហារជាច្រើន ហើយបាននិយាយថា ខ្លួននៅ «មិនទាន់បានឆ្លើយតបនៅឡើយ»។
យោងតាមមន្ត្រីរុស្ស៊ី បានឲ្យដឹងថា ការបាញ់រាំង បានបង្ខំឱ្យសាលារៀននៅតំបន់ Saratov ភាគនិរតីត្រូវបិទ ខណៈយ៉ាងហោចណាស់អាកាសយានដ្ឋានចំនួន៩កន្លែង នៅភាគកណ្តាល និងភាគខាងលិចប្រទេសរុស្ស៊ី បានផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន។

ទីក្រុងមូស្គូ និងទីក្រុងគីវ បានបង្កើនការវាយប្រហារលើគ្នាទៅវិញទៅមក នៅមុនការចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅសប្តាហ៍ក្រោយ ខណៈភាគីទាំងពីរស្វែងរកការចរចាដ៏មានសក្តានុពល ក្នុងគោលបំណងដោះស្រាយវិបត្តិសង្រ្គាមរយៈពេលជិតបីឆ្នាំមកនេះ។
នាយសេនាធិការអ៊ុយក្រែន បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា «កងកម្លាំងការពារជាតិអ៊ុយក្រែន បានធ្វើការវាយប្រហារទ្រង់ទ្រាយធំបំផុតទៅលើទីតាំងយោធារបស់អ្នកឈ្លានពានក្នុងចម្ងាយពី២០០ទៅ១.០០០គីឡូម៉ែត្រ ចូលជ្រៅទៅក្នុងទឹកដីសហព័ន្ធរុស្ស៊ី។
ក្នុងចំណោមគោលដៅដែលត្រូវបានវាយប្រហារ មានរោងចក្រគីមីដែលផលិតឥន្ធនៈរ៉ូកែត និងគ្រាប់រំសេវសម្រាប់កងទ័ពរុស្ស៊ី ឃ្លាំងប្រេងនៅជិតមូលដ្ឋានទ័ពអាកាសរុស្ស៊ី និងរោងចក្រចម្រាញ់ប្រេង។ អភិបាលតំបន់ Saratov ប្រទេសរុស្ស៊ី លោក Roman Busargin បាននិយាយថា ទំហំនៃការវាយប្រហារនៅទីនេះគឺ «ធំធេង» ។