មន្ត្រីសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារបាននិយាយថា ប្រធានាធិបតី លោក Joe Biden មានផែនការបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសគុយបា នៅប៉ុន្មានថ្ងៃមុនពេលលោក Donald Trump ចូលកាន់តំណែង។ ចំណាត់ការនេះ ត្រូវបានគេរំពឹងថានឹងផ្តល់ឱ្យប្រទេសគុយបា ធូរស្រាលផ្នែកសេដ្ឋកិច្ចមួយចំនួន ខណៈប្រទេសនេះកំពុងប្រយុទ្ធទប់ទល់វិបត្តិសេដ្ឋកិច្ចដ៏អាក្រក់។

ប៉ុន្តែប្រជាជនគុយបាមួយចំនួននៅទីក្រុង ឡាហាវ៉ាន បានចាត់ទុកផែនការរបស់លោក Biden ថាយឺតពេលបន្តិចហើយ។ ប្រជាជននិយាយថា លោកBiden បានសន្យារឿងជាច្រើននៅដើមដំបូងថា លោកនឹងជួយប្រទេសគុយបាតាមវិធីជាច្រើន ប៉ុន្តែលោកពិតជាពុំដែលបានបំពេញនោះទេ។ ទោះជាយ៉ាងណា នេះនឹងជាសុច្ឆន្ទៈចុងក្រោយរបស់លោក ។ ជាមួយគ្នានេះ យើងត្រូវមើលពីអ្វីដែល លោក Trump នឹងធ្វើនៅពេលបន្ទាប់។

វិធានការដែលលោក Biden មានផែនការ រួមមានការផ្លាស់ប្តូរការរឹតត្បិតដែលប្រកាន់តឹងមួយចំនួនដែលបានដាក់ដោយលោក Trump ក្នុងអំឡុងអាណត្តិដំបូងរបស់លោក។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់បាននិយាយថា វិធានការនេះ រួមមានទាំងផែនការដកការចាត់ទុករបស់សហរដ្ឋអាមេរិកលើប្រទេសគុយបា ថាជាអ្នកឧបត្ថម្ភរដ្ឋនៃអំពើភេរវកម្ម និងលុបចោលបទបញ្ជារបស់លោក Trump ដែលរឹតត្បិតលើប្រតិបត្តិការហិរញ្ញវត្ថុជាមួយប្រជាជនគុយបា។
ក្រុមមន្ត្រីបាននិយាយថា លោក Biden រំពឹងថា ចំណាត់ការនេះ នឹងឈានទៅដល់ការដោះលែងអ្នកទោសនយោបាយនៅក្នុងទីក្រុងឡាហាវ៉ាន ផងដែរ។
នៅក្នុងលិខិតខ្លីមួយផ្ញើទៅកាន់សភា លោក Biden បាននិយាយថា ចំណាត់ការរបស់លោក គឺ «ចាំបាច់សម្រាប់ផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក ហើយនឹងពន្លឿនការផ្លាស់ប្តូរទៅកាន់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសគុយបា»។