ប្រធានាធិបតីចិន លោក Xi Jinping បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែធំធេងរវាងប្រទេសរបស់លោក និងសហភាពអឺរ៉ុប នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa ។
សុន្ទរកថារបស់លោក Xi បង្ហាញពីកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យមានស្ថិរភាពទំនាក់ទំនងជាមួយសហភាពអឺរ៉ុប ខណៈប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ដែលជាអ្នកតស៊ូមតិនៃគោលនយោបាយគាំពារនិយម ត្រៀមឡើងកាន់តំណែង។

ក្រសួងការបរទេសចិន បាននិយាយថា លោក Xi បានសម្តែងក្តីសង្ឃឹមថា សហភាពអឺរ៉ុប នឹងបង្ហាញភាពជាដៃគូសហប្រតិបត្តិការដ៏គួរឱ្យទុកចិត្ត ហើយបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងភាគីទាំងពីរ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
សហភាពអឺរ៉ុបនិយាយថា លោក Costa បានព្រមព្រៀងថា កិច្ចសហប្រតិបត្តិការគឺកាន់តែប្រសើរសម្រាប់ការប្រកួតប្រជែង។
ប្រទេសចិន និងសហភាពអឺរ៉ុប មានជម្លោះជុំវិញការដាក់ពន្ធរបស់ប្លុកអឺរ៉ុប លើរថយន្តអគ្គិសនីរបស់ចិន និងបញ្ហាផ្សេងៗទៀត។
ចំណាត់ការរបស់លោក Xi អាចបង្ហាញការព្រួយបារម្ភអំពីភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលអាចកើតឡើងបន្ទាប់ពីការចូលកាន់តំណែងរបស់លោក Trump ។