ទិន្នន័យរបស់អង្គការសហប្រជាជាតិ បានបង្ហាញកាលពីថ្ងៃអង្គារ (១៤ មករា) ថា មនុស្សជាង ១លាននាក់ ដែលជាងពាក់កណ្តាលនៃពួកគេជាកុមារ ឥឡូវនេះត្រូវបានភៀសខ្លួនក្នុងប្រទេសហៃទី ជាទីដែលអំពើហិង្សារបស់ក្រុមជនអន្ធពាលនៅតែបន្តកើតមាន បើទោះបីជាបេសកកម្មសន្តិសុខដែលគាំទ្រដោយអង្គការសហប្រជាជាតិកាលពីឆ្នាំមុន បានចាប់ផ្តើមហើយក៏ដោយ។

ចំនួនជនភៀសខ្លួនចំនួន ១,០៤លាននាក់ ដែលត្រូវបានចេញផ្សាយដោយអង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM តំណាងឱ្យកំណើន ៣ដងធៀបនឹងខែធ្នូ ឆ្នាំ២០២៣ នៅពេលមនុស្ស ៣១៥.០០០នាក់ គ្មានផ្ទះសម្បែង។ ទិន្នន័យអង្គការសហប្រជាជាតិបានឱ្យដឹងថា មិនធ្លាប់មានមនុស្សក្នុងតួលេខដ៏ច្រើនបែបនេះត្រូវភៀសខ្លួនដោយសារអំពើហិង្សាក្នុងប្រទេសណាមួយទេពីមុនមក។

ក្រុមជនអន្ធពាលប្រដាប់អាវុធហៃទី ឥឡូវនេះគ្រប់គ្រងស្ទើរតែទាំងស្រុងលើរដ្ឋធានីព័រអូប្រាំង និងដាក់ពង្រាយយ៉ាងទូលំទូលាយនៅទូទាំងប្រទេស។ បេសកកម្មអន្តរជាតិមួយ ដែលត្រូវបានអនុម័តកាលពីឆ្នាំមុន មានភារកិច្ចក្នុងការស្តារសណ្តាប់ធ្នាប់ រហូតមកដល់ពេលនេះ មើលឃើញតែផ្នែកមួយប៉ុណ្ណោះនៃកងទ័ពកំពុងដាក់ពង្រាយ ទោះបីជាទាហានពីប្រទេសជាច្រើនបានមកដល់បន្ថែមដើម្បីបង្កើនកងកម្លាំងបេសកកម្មក៏ដោយ៕
