លោកប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង Yoon Suk Yeol បាននិយាយនៅព្រឹកថ្ងៃពុធទី១៥មករាសប្ដាហ៍នេះថា លោកបានយល់ព្រមប្រគល់ខ្លួនឲ្យក្រុមអាជ្ញាធរស៊ើបអង្កេត និងបានសម្រេចចិត្តចូលខ្លួនសាកសួរជុំវិញការដាក់ច្បាប់អាជ្ញាសឹកដែលបានបរាជ័យ គឺដើម្បីបញ្ចៀសការបង្ហូរឈាមដ៏ហិង្សា ទោះលោកជឿថាការស៊ើបអង្កេតនេះខុសច្បាប់ក៏ដោយ។

លោក Yoon បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា នៅពេលខ្ញុំបានមើលឃើញ ពួកគេ វាយទម្លាយតមបន់សន្តិសុខដោយប្រើឧបករណ៍ពន្លត់អគ្គិភ័យនៅថ្ងៃនេះ ខ្ញុំបានសម្រេចចិត្តឆ្លើយតបចំពោះការិយាល័យស៊ើបអង្កេតអំពើពុករលួយហើយ ដោយលោកបន្ថែមថា រូបលោកពុំបានទទួលយកភាពខុសច្បាប់នៃការស៊ើបអង្កេតបែបនេះឡើយ ប៉ុន្តែការយល់ព្រមរបស់លោកក្នុងបំណងបញ្ចៀសកុំឲ្យមានការបង្ហូរឈាម បន្ទាប់ពីមន្ត្រីនគរបាលជាង៣.០០០នាក់ បានសម្រុកទៅកាន់គេហដ្ឋានរបស់លោកនៅព្រឹកថ្ងៃពុធនេះ។

លោក Yoon Suk Yeol បាននិយាយថាលោកមិនអាចទ្រាំឈរមើលការប្រើប្រាស់និតិវិធីគ្មានច្បាប់ទម្លាប់ក្នុងប្រទេសរបស់លោក ដោយត្រូវអនុវត្តន៍ដោយបង្ខំទាំងដែលដឹងថា ដីកាចាប់ខ្លួនបានផុតសុពលភាពទៅហើយនោះ។

ចំណែកមេធាវីរបស់លោក Yoon បានលើកឡើងថា សកម្មភាពឃុំខ្លួនលោកប្រធានាធិបតី គឺជាទង្វើខុសច្បាប់ និងជាវិធីបំបាក់មុខលោកជាសាធារណៈ៕