ក្រសួងពាណិជ្ជកម្មចិន បានប្រកាសកាលពីថ្ងៃអង្គារ (១៤ មករា) ថា ខ្លួនបានសម្រេចបន្ថែមក្រុមហ៊ុនអាមេរិកចំនួន៧ ទៅក្នុងបញ្ជីអង្គភាពដែលមិនគួរឱ្យទុកចិត្ត សម្រាប់ការចូលរួមក្នុងការលក់អាវុធទៅកាន់តំបន់តៃវ៉ាន់ របស់ ចិន ដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍។

ដោយចូលជាធរមានចាប់ពីថ្ងៃអង្គារ ក្រុមហ៊ុនដែលជាប់ក្នុងបញ្ជីខ្មៅ រួមទាំងក្រុមហ៊ុនគ្រឿងអេឡិចត្រូនិកដ៏ធំ Inter-Coastal នឹងត្រូវបានហាមឃាត់មិនឱ្យនាំចេញទៅក្នុង និងនាំចូលពីប្រទេសចិន ឬធ្វើការវិនិយោគថ្មីនៅក្នុងប្រទេសនេះឡើយ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។

អ្នកនាំពាក្យក្រសួងបាននិយាយកាលពីថ្ងៃអង្គារថា ថ្មីៗនេះ អាមេរិកបានលក់សព្វាវុធជាញឹកញាប់ទៅកាន់តំបន់តៃវ៉ាន់ របស់ចិន ដោយបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមទាំងបីរបស់ចិន-អាមេរិក បំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។

ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងពីចិនក៏ដោយ ក៏ក្រុមហ៊ុនទាំង៧ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនោះ បានចូលរួមក្នុងការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ និងចូលរួមក្នុងកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា ដែលប៉ះពាល់ធ្ងន់ធ្ងរដល់អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ចិន៕