លោក Yoon Suk Yeol បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងកំពុងកាន់អំណាចដំបូងគេ ដែលត្រូវបានចាប់ខ្លួននៅថ្ងៃពុធ (១៥ មករា) នេះ នៅពេលលោកយល់ព្រមប្រគល់ខ្លួន បន្ទាប់ពីការប្រឈមមុខដាក់គ្នារយៈពេលមួយសប្តាហ៍ជាមួយអាជ្ញាធរដែលស៊ើបអង្កេតលោកជុំវិញការចោទប្រកាន់បះបោរ។

លោក Yoon វ័យ ៦៤ឆ្នាំ អ្នករស់រានមានជីវិតផ្នែកនយោបាយដ៏លំបាកម្នាក់ ដែលកាន់តែឯកោតែខ្លាំងឡើងក្នុងពាក់កណ្តាលអាណត្តិ ៥ឆ្នាំរបស់ខ្លួន ត្រូវបានគ្របដណ្ដប់ដោយរឿងអាស្រូវផ្ទាល់ខ្លួន ទប់ទល់នឹងក្រុមប្រឆាំងដែលតាមធ្វើទុក្ខបុកម្នេញមិនព្រមឈប់ និងការខ្វែងគំនិតនៅក្នុងបក្សរបស់លោក។

បញ្ហាផ្នែកច្បាប់របស់លោក Yoon នេះគឺផ្ទុយស្រឡះពីអាជីពមុនពេលចូលប្រឡូកនយោបាយ ក្នុងនាមជាប្រមុខរដ្ឋអាជ្ញាដ៏ពូកែម្នាក់ ដែលធ្វើឱ្យក្រសែភ្នែកសាធារណៈសម្លឹងទៅលោក និងជំរុញឱ្យមានការគាំទ្រជាច្រើន ដែលនាំទៅដល់ជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២ របស់ខ្លួន។

ចាប់តាំងពីការឈ្នះឆ្នោតយ៉ាងស្ដួចស្ដើងនោះមក លោក Yoon ត្រូវរួបរឹតដោយបញ្ហាជាបន្តបន្ទាប់ដែលជាហេតុអូសទាញភាពធ្វេសប្រហែសរបស់លោក ដែលអតីតគូប្រជែងនិយាយថាជាបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់មេដឹកនាំដែលត្រូវចោទប្រកាន់ទម្លាក់តំណែងរូបនេះ។ នៅពេលដែលលោក Yoon បានដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីនៅថ្ងៃទី០៣ ខែធ្នូ ក្នុងសកម្មភាពមួយដែលធ្វើឱ្យប្រជាជនកូរ៉េខាងត្បូងភ្ញាក់ផ្អើល លោកបានបន្ថែមមានរបួសផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរមួយទៀត។ ពេលនេះ ជោគវាសនានយោបាយលោក Yoon ស្ថិតនៅក្នុងដៃរបស់តុលាការធម្មនុញ្ញ ខណៈវិបត្តិផ្លូវច្បាប់បន្តកើនឡើង៕