ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានស្នើកាលពីថ្ងៃអង្គារថា ច្បាប់អាជ្ញាសឹក និងការចល័តកម្លាំងទូទៅនាពេលបច្ចុប្បន្នរបស់ប្រទេស ដែលផុតកំណត់នៅថ្ងៃទី៨ ខែកុម្ភៈ នឹងត្រូវបានបន្តរយៈពេល៩០ថ្ងៃទៀត។

អង្គភាពសេវាសារព័ត៌មានរបស់សភា បានរាយការណ៍ថា សេចក្តីស្នើច្បាប់របស់ប្រធានាធិបតី ដែលស្វែងរកការបន្ថែមពេលវិធានការទាំងពីរនេះ ត្រូវបានដាក់ជូនសភា។

សមាជិកសភា លោក Yaroslav Zheleznyak បានសរសេរនៅលើបណ្តាញ Telegram ថា គណៈកម្មាធិការការពាររបស់សភា បានអនុម័តលើសេចក្តីស្នើច្បាប់នេះរួចហើយ ដែលបច្ចប្បន្ននឹងត្រូវបានដាក់ឲ្យបោះឆ្នោត។
ច្បាប់អាជ្ញាសឹក និងការចល័តកម្លាំង ត្រូវបានដាក់ជាលើកដំបូងនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីការផ្ទុះឡើងនៃជម្លោះទ្រង់ទ្រាយធំជាមួយប្រទេសរុស្ស៊ី។ ចាប់តាំងពីពេលនោះមក សភាបានបោះឆ្នោត១៣លើក ដើម្បីបន្ថែមពេលវិធានការទាំងនេះ។