ប្រជាជនចិន រាប់រយលាននាក់ សម្រុកធ្វើដំណើរទូទាំងប្រទេសសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិនជារៀងរាល់ឆ្នាំ ដើម្បីត្រឡប់ទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ឬទស្សនាកម្សាន្តក្នុងពិធីបុណ្យដ៏អ៊ូរអរនេះ ដែលធ្វើឱ្យវាក្លាយជាដំណើរចំណាកស្រុកប្រចាំឆ្នាំដ៏ធំបំផុតរបស់ពិភពលោក។

អាជ្ញាធរចិនរំពឹងថាមានអ្នកដំណើរឆ្លងតំបន់ជាង ១៧០លាននាក់នៅថ្ងៃអង្គារ (១៤ មករា) សម្រាប់ពិធីបុណ្យនិទាឃរដូវ ជាមួយនឹងមន្ទីរដឹកជញ្ជូនទូទាំងប្រទេសផ្តល់សេវាកម្មចម្រុះដើម្បីជួយសម្រួលដល់ការធ្វើដំណើរដ៏ងាយស្រួលសម្រាប់អ្នកដំណើរ។

ការប្រញាប់ប្រញាល់ធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំចិន ឬហៅជាភាសាចិនថា "ឈុនយិន" (Chunyun) ជាញឹកញាប់ត្រូវបានគេមើលឃើញថាជាឧបករណ៍វាស់ស្ទង់សុខភាពសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំង និងជាការធ្វើតេស្តសម្ពាធសម្រាប់ប្រព័ន្ធដឹកជញ្ជូនដ៏ធំរបស់ខ្លួន។

ការធ្វើដំណើរក្នុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ បានចាប់ផ្តើមនៅថ្ងៃអង្គារ ១៤ មករា ហើយនឹងមានរយៈពេល ៤០ថ្ងៃ ដោយបញ្ចប់ទៅវិញនៅថ្ងៃទី២២ ខែកុម្ភៈ។ ថ្ងៃឈប់សម្រាកជាផ្លូវការនៃពិធីបុណ្យនិទាឃរដូវ ឬបុណ្យចូលឆ្នាំចិននេះ នឹងដំណើរការចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី០៤ ខែកុម្ភៈ។
ក្រុមមន្ត្រីកំពុងរំពឹងថានឹងមានការធ្វើដំណើរក្នុងស្រុកចំនួន ៩ពាន់លានដំណើរ ក្នុងពេល ៤០ថ្ងៃ ដែលជាកំណើនពីតួលេខប្រហែល ៨,៤ពាន់លានដំណើរ កាលពីឆ្នាំមុន។ ភាពប្រញាប់ប្រញាល់នៃការធ្វើដំណើរនៅឆ្នាំនេះបានកើតឡើងនៅពេលដែលចិន បានបន្ថែមពេលសម្រាកបុណ្យចូលឆ្នាំ ជាផ្លូវការចំនួន ១ថ្ងៃបន្ថែមទៀត ទៅដល់តួលេខសរុប ៨ថ្ងៃ។

ចិនក៏ពង្រីកគោលនយោបាយធ្វើដំណើរដោយគ្មានទិដ្ឋាការរបស់ខ្លួនទៅកាន់ ៣៨ប្រទេស រួមទាំងជប៉ុន និងកូរ៉េខាងត្បូង ដែលនៅជិតនោះ ហើយបានបង្កើនរយៈពេលស្នាក់នៅទ្វេដងដល់ ៣០ថ្ងៃ៕