ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលត្រូវបានចាប់ខ្លួននៅថ្ងៃពុធ (១៥ មករា) នេះជាផ្នែកមួយនៃការស៊ើបអង្កេតលើការចោទប្រកាន់បះបោរ និងបញ្ហាជាច្រើនទៀតនោះ មេដឹកនាំដែលត្រូវបានផ្អាកពីតំណែងរូបនេះ រំពឹងថានឹងត្រូវឃុំខ្លួននៅក្នុងបន្ទប់ដ៏ធំតែម្នាក់ឯង នៅមជ្ឈមណ្ឌលឃុំឃាំងទីក្រុងសេអ៊ូល។

លោក Yoon ត្រូវបាននាំខ្លួនទៅសាកសួរនៅការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) ដែលកំពុងដឹកនាំការស៊ើបអង្កេតលើតួនាទីរបស់លោកក្នុងការប្រកាសច្បាប់អាជ្ញាសឹកនៅថ្ងៃទី០៣ ខែធ្នូ។

អាជ្ញាធរមានពេល ៤៨ម៉ោងដើម្បីសួរនាំលោក Yoon បន្ទាប់មកពួកគេត្រូវតែស្វែងរកដីកាដើម្បីឃុំខ្លួនរហូតដល់ ២០ថ្ងៃ ឬដោះលែងលោក។ ខណៈពេលនៅក្នុងមន្ទីរឃុំឃាំង លោក Yoon ត្រូវបានគេរំពឹងថានឹងត្រូវឃុំខ្លួនក្នុងបន្ទប់ទំហំធំតែម្នាក់ឯង ប៉ុន្តែសារព័ត៌មាន Yonhap និយាយថា ប្រហែលជាមិនមានពេលឱ្យលោកចូលបន្ទប់ឃុំខ្លួនទេក្នុង ៤៨ម៉ោងនោះ ប្រសិនបើការសាកសួរមានរយៈពេលវែង។

អាជ្ញាធរមានពេលអតិបរមា ២០ថ្ងៃដើម្បីចោទប្រកាន់លោក Yoon ចាប់ពីពេលដែលចាប់ខ្លួនលោក ហើយពួកគេមានពេល ៤៨ម៉ោងដើម្បីស្នើសុំដីកាឃុំខ្លួនផ្លូវការពីតុលាការ។ ពេលនេះ ជោគវាសនានយោបាយលោក Yoon ស្ថិតនៅក្នុងដៃរបស់តុលាការធម្មនុញ្ញ ខណៈវិបត្តិផ្លូវច្បាប់បន្តកើនឡើង៕