លោក Xuan Changneng ទេសាភិបាលរងនៃធនាគារកណ្តាលចិន (PBOC) បាននិយាយកាលពីថ្ងៃអង្គារ (១៤ មករា) ថា ប្រាក់យ័នរបស់ចិន បានបង្ហាញពីភាពធន់យ៉ាងរឹងមាំក្នុងឆ្នាំ២០២៤ ទល់នឹងប្រាក់ដុល្លារអាមេរិក ទោះបីជាមានការធ្លាក់ថ្លៃធៀបនឹងប្រាក់ដុល្លារបន្តិចក៏ដោយ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង អំពីតួនាទីរបស់វិស័យហិរញ្ញវត្ថុក្នុងការជំរុញការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់របស់ប្រទេស លោក Xuan បានចាត់ទុកភាពធន់របស់ប្រាក់យ័ននេះ ថាជាមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏មានស្ថិរភាពរបស់ចិន និងវិធានការគោលនយោបាយបុរេសកម្ម។

ប្រាក់យ័នបានធ្លាក់ចុះ ២,៨% ធៀបនឹងប្រាក់ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤ ប៉ុន្តែសន្ទស្សន៍អត្រាប្តូរប្រាក់យ័ន ដែលវាស់តម្លៃធៀបនឹងកញ្ចប់រូបិយប័ណ្ណ ឬហៅថា CFETS បានកើនឡើង ៤,២%។ លោក Xuan លើកឡើងថា ក្នុងពេលដូចគ្នានេះ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក បានកើនឡើង ៧% ដែលបង្ហាញពីភាពធន់កាន់តែខ្លាំងបន្ថែមទៀតរបស់រូបិយបណ្ណចិន។

ដោយសម្លឹងទៅមុខ លោក Xuan បានទទួលស្គាល់បញ្ហាប្រឈមនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចពិភពលោក ប៉ុន្តែបានបង្ហាញពីទំនុកចិត្តលើស្ថិរភាពប្រាក់យ័ន។ ទេសាភិបាលរងនៃធនាគារកណ្តាលចិនរូបនេះ ក៏បានចង្អុលបង្ហាញពីវិធានការគោលនយោបាយជាច្រើន និងលំនឹងទីផ្សារប្តូរប្រាក់បរទេស ដែលជាកត្តាសំខាន់គាំទ្រដល់ភាពរឹងមាំរបស់ប្រាក់យ័ន៕