រដ្ឋាភិបាលតំបន់តៃវ៉ាន់ បាននិយាយថា ខ្លួននឹងបង្កើនការឃ្លាំមើល និងការគ្រប់គ្រងនាវាដែលដោតទង់ជាតិ "ដើម្បីតែភាពងាយស្រួល" បន្ទាប់ពីនាវាដឹកទំនិញមួយគ្រឿងដែលទំនាក់ទំនងជាមួយចិន ត្រូវសង្ស័យថាបានបំផ្លាញខ្សែកាប្លិ៍ទំនាក់ទំនងក្រោមសមុទ្រ ដែលបង្កការប្រកាសអាសន្នទូទាំងកោះ។

កោះតៃវ៉ាន់ ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួន បានចោទថា នាវាដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនហុងកុង ប៉ុន្តែចុះបញ្ជីទាំងនៅប្រទេសកាមេរូន និងតង់ហ្សានី បានបំផ្លាញខ្សែកាប្លិ៍មួយខ្សែទៅកាន់ភាគខាងជើងនៃកោះកាលពីដើមខែនេះ ប៉ុន្តែខ្លួនមិនអាចផ្ទៀងផ្ទាត់បានទេដោយសារអាកាសធាតុអាក្រក់។

ម្ចាស់នាវាបានបដិសេធការជាប់ពាក់ព័ន្ធ ហើយរដ្ឋាភិបាលរបស់ប្រទេសចិន បាននិយាយថា តំបន់តៃវ៉ាន់ កំពុងធ្វើការចោទប្រកាន់ផ្ដេសផ្ដាសដោយគ្មានភស្ដុតាង មុនពេលការពិតបង្ហាញច្បាស់លាស់។

ការិយាល័យសន្តិសុខតៃវ៉ាន់ បាននិយាយក្នុងរបាយករណ៍មួយថា ខ្លួនគ្រោងនឹងបង្កើនការឃ្លាំមើល និងការគ្រប់គ្រងនាវា ដែលដោត "ទង់ជាតិដើម្បីភាពងាយស្រួល" ដោយសំដៅទៅលើនាវាដែលបានចុះបញ្ជីដាក់ឈ្មោះប្រទេសផ្សេង ជាជាងម្ចាស់ដើមពិតប្រាកដ។ ការិយាល័យបន្ថែមថា ប្រសិនបើនាវាចូលក្នុងចម្ងាយ ២៤ម៉ាយណត់ ពីឆ្នេរសមុទ្រតៃវ៉ាន់ ហើយនៅជិតកន្លែងដែលខ្សែកាប្លិ៍ក្រោមសមុទ្រស្ថិតនៅ ឆ្មាំល្បាតឆ្នេរនឹងត្រូវបញ្ជូនឱ្យឡើងលើនាវានោះដើម្បីស៊ើបអង្កេត៕