អ្នកគាំទ្រប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ទម្លាក់ពីតំណែង មានកំហឹងបានចេញតវ៉ានៅខាងក្រៅការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) នៅថ្ងៃពុធ ទី១៥ ខែមករានេះ បន្ទាប់ពីអាជ្ញាធរ បានចាប់ខ្លួនមេដឹកនាំលោក Yoon Suk Yeol ដែលត្រូវបានព្យួរពីតំណែង។

ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) កំពុងដឹកនាំការស៊ើបអង្កេត លើតួនាទីរបស់ លោក Yoon ក្នុងការប្រកាសច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ។

ក្បួនរថយន្តរបស់ លោក Yoon ត្រូវបានគេមើលឃើញ ចាកចេញពីលំនៅឋានរបស់លោក នៅក្នុងតំបន់មួយដែលគេស្គាល់ថា ជើងភ្នំ Beverly Hills នៅទីក្រុងសេអ៊ូលនៅថ្ងៃពុធនេះ មុនពេលទៅដល់ការិយាល័យស៊ើបអង្កេត ដែលស្ថិតនៅអគាររដ្ឋាភិបាលក្នុងទីក្រុង Gwacheon ជាប់ព្រំប្រទល់ជាមួយទីក្រុងសេអ៊ូល ដែលធ្វើដំណើរប្រហែល១០នាទី ដោយដោយក្បួនរថយន្តនគរបាល ចេញពីលំនៅឋានផ្លូវការរបស់លោកប្រធានាធិបតី។
ចាប់តាំងពីពេលនោះមក លោក Yoon បានចូលទៅក្នុងអគារ ហើយត្រូវបានគេរំពឹងថា នឹងត្រូវបានគេឃុំខ្លួននៅក្នុងបន្ទប់តែម្នាក់ឯង នៅមណ្ឌលឃុំឃាំង។
អាជ្ញាធរនឹងមានពេល ៤៨ ម៉ោង ដើម្បីសាកសួរលោក បន្ទាប់មកពួកគេត្រូវស្វែងរកដីកាឃុំខ្លួនលោក រយៈពេល២០ថ្ងៃ ឬត្រូវដោះលែងលោក។