ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន TikTok បាននិយាយនៅក្នុងអនុស្សរណៈផ្ទៃក្នុង ដែលពិនិត្យដោយសារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារ (១៤ មករា) ថា TikTok គ្រោងនឹងបន្តបើកប្រាក់បៀវត្សរ៍ដល់បុគ្គលិកអាមេរិក ទោះបីជាតុលាការកំពូលមិនលុបចោលច្បាប់ដែលនឹងបង្ខំឱ្យលក់កម្មវិធីវីដេអូខ្លីនេះនៅក្នុងសហរដ្ឋអាមេរិក ឬប្រឈមការហាមឃាត់ក៏ដោយ។

អេបដ៏ពេញនិយមមួយនេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនមេ ByteDance ដែលមានមូលដ្ឋាននៅចិន និងមានបុគ្គលិកចំនួន ៧.០០០នាក់ នៅអាមេរិក។ អនុស្សរណៈទៅកាន់បុគ្គលិក TikTok នោះសរសេរថា "យើងចង់បញ្ជាក់ថា ក្នុងនាមជាបុគ្គលិកនៅអាមេរិក ការងារ ប្រាក់ឈ្នួល និងអត្ថប្រយោជន៍របស់អ្នកគឺមានសុវត្ថិភាព ហើយការិយាល័យរបស់យើងនឹងនៅតែបើកឱ្យដដែល ទោះបីជាស្ថានភាពនេះមិនត្រូវបានដោះស្រាយមុនថ្ងៃផុតកំណត់នៅថ្ងៃទី១៩ ខែមករា ក៏ដោយ"។

កាលពីសប្តាហ៍មុន តុលាការកំពូលអាមេរិក ហាក់ដូចជាមានទំនោរចង់រក្សាច្បាប់ហាមប្រាមនេះ ដែលត្រូវបានអនុម័តកាលពីខែមេសា បើទោះបីជាមានការអំពាវនាវពីប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump និងសមាជិកសភា ឱ្យបន្តកាលបរិច្ឆេទផុតកំណត់នោះក៏ដោយ។

ប្រសិនបើតុលាការមិនរារាំងបម្រាមនេះត្រឹមថ្ងៃអាទិត្យ ១៩ មករា ទេនោះ ការទាញយកអេប TikTok ថ្មីនៅលើប្រព័ន្ធទាញយកកម្មវិធីរបស់ Apple ឬ Google នឹងត្រូវហាមឃាត់ ប៉ុន្តែអ្នកប្រើប្រាស់ដែលមានស្រាប់អាចបន្តចូលប្រើកម្មវិធីនេះបានមួយរយៈ។ សេវាកម្មរបស់អេបនេះនឹងចុះគុណភាព ហើយនៅទីបំផុតនឹងឈប់ដំណើរការទាំងស្រុង ដោយសារក្រុមហ៊ុនផ្សេងទៀតនឹងត្រូវបានរារាំងមិនឱ្យផ្តល់ការគាំទ្រដល់ប្រតិបត្តិការ TikTok៕