ប្រទេសកូរ៉េខាងត្បូង បានជួបប្រទះនឹងភាពចលាចលផ្នែកនយោបាយរយៈពេល ៦សប្តាហ៍ ចាប់តាំងពីប្រធានាធិបតី លោក Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹក ហើយបានបញ្ជូនទាហាន និងឧទ្ធម្ភាគចក្រទៅកាន់រដ្ឋសភា។ ដោយត្រូវបានបង្ខំឲ្យលុបចោលក្រឹត្យនេះ ចាប់តាំងពីពេលនោះមក លោក Yoon ត្រូវបានចោទប្រកាន់ទម្លាក់តំណែង ដោយរង់ចាំការកាត់ក្តីរបស់តុលាការដែលកំពុងបន្តមាន ហើយត្រូវបានចាប់ខ្លួន នៅថ្ងៃពុធ (ទី១៥ ខែមករា) នេះ បន្ទាប់ពីអាជ្ញាធរបានចូលទៅក្នុងលំនៅឋានរបស់លោក ដើម្បីអនុវត្តដីកាថ្មីដែលចេញដោយតុលាការ។
មានព្រឹត្តិការណ៍សំខាន់ៗអ្វីកើតឡើងខ្លះ ក្នុងរយៈពេល ៦សប្ដាហ៍ រហូតដល់ពេលមានការចាប់ខ្លួនលោក Yoon នៅថ្ងៃពុធនេះ។ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីជម្លោះរឿងបញ្ហាថវិកាជាមួយបក្សប្រឆាំង លោក Yoon លេចមុខនៅលើកកញ្ចក់ទូរទស្សន៍ ដើម្បីប្រកាសច្បាប់អាជ្ញាសឹក ដែលជាការធ្វើឲ្យនឹកឃើញឡើងវិញនូវអតីតកាលផ្តាច់ការរបស់កូរ៉េខាងត្បូង។ ខណៈដែលបាតុកររាប់ពាន់នាក់ប្រមូលផ្តុំគ្នា នៅខាងក្រៅរដ្ឋសភា សមាជិកសភា បានបោះឆ្នោតបដិសេធសេចក្តីប្រកាសរបស់លោក Yoon នាព្រឹកព្រលឹមថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ លោក Yoon បង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ជាថ្មី ហើយប្រកាសលុបចោលច្បាប់អាជ្ញាសឹក។
នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នោះ គណបក្សប្រឆាំង ភ្លាមៗ ប្តេជ្ញាថា នឹងជំរុញឲ្យមានការចោទប្រកាន់ទម្លាក់តំណែង និងដាក់ញត្តិជាផ្លូវការ។ ពួកគេដាក់ពាក្យបណ្តឹងដាច់ដោយឡែកពីគ្នាចោទប្រកាន់ពីបទ «បះបោរ» ប្រឆាំងនឹងលោក Yoon រដ្ឋមន្ត្រីការពារជាតិ និងក្រសួងមហាផ្ទៃរបស់លោក ព្រមទាំង «ឥស្សរជនយោធា និងនគរបាលសំខាន់ៗដែលពាក់ព័ន្ធ ដូចជាមេបញ្ជាការច្បាប់អាជ្ញាសឹក និងស្នងការនគរបាលជាដើម»។ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ លោក Yoon បង្ហាញមុខម្តងទៀត ហើយសុំទោសនៅក្នុងសុន្ទរកថាតាមរយៈទូរទស្សន៍ ពាក់ព័ន្ធនឹងការប្រកាសរបស់លោក ដែលនាំឲ្យមាន «កង្វល់ និងការរំខាន»។ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងយុត្តិធម៌បានប្រកាសថា លោក Yoon ត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរទៅក្រៅប្រទេស។
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ លោក Yoon ត្រូវបានបោះឆ្នោតចោទប្រកាន់ទម្លាក់តំណែង។ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ អង្គភាពស៊ើបអង្កេតអំពើពុករលួយបានបញ្ជូនដីកាកោះហៅលើកទី៣ ទៅលោក Yoon បន្ទាប់ពីលោកបានប្រឆាំងនឹងការទាមទាររបស់អ្នកស៊ើបអង្កេត ២ដង ក្នុងមួយសប្តាហ៍។ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ អង្គភាពស៊ើបអង្កេតបានស្នើសុំដីកាចាប់ខ្លួន លោក Yoon បន្ទាប់ពីលោកខកខានមិនបានរាយការណ៍ សម្រាប់ការសាកសួរជាលើកទី៣។
នៅថ្ងៃទី១ ខែមករា លោក Yoon មិនព្រមឲ្យចាប់ខ្លួន។ នៅថ្ងៃទី៣ ខែមករា អង្គភាពស៊ើបអង្កេតបានចាត់វិធានការ ដើម្បីចាប់ខ្លួនលោក Yoon ប៉ុន្តែត្រូវបានរារាំងដោយក្រុមអង្គរក្សរបស់លោក ដោយមានការប្រឈមមុខដាក់គ្នារយៈពេល ៦ម៉ោង។ នៅថ្ងៃទី១៤ ខែមករា តុលាការធម្មនុញ្ញបើកសវនាការកាត់ទោសទម្លាក់តំណែងលោក Yoon ប៉ុន្តែបានពន្យារពេលសវនាការលើកដំបូងភ្លាមៗ បន្ទាប់ពីមេដឹកនាំរូបនេះ មិនបង្ហាញខ្លួន។
នៅថ្ងៃទី១៥ ខែមករានេះ អង្គភាពស៊ើបអង្កេតកូរ៉េខាងត្បូងព្យាយាមចូលទៅក្នុងលំនៅឋានរបស់ Yoon ខណៈដែលអង្គរក្សប្រធានាធិបតី មេធាវី និងអ្នកគាំទ្ររបស់លោកទាំងអស់ព្យាយាមបញ្ឈប់មិនឲ្យងនុវត្តដីកាចាប់ខ្លួន។ បន្ទាប់ពីមានការចរចាគ្នា ក្រុមអ្នកស៊ើបអង្កេតនិយាយថា ពួកគេបានអនុវត្តដីកាចាប់ខ្លួន ហើយលោក Yoon បង្ហាញខ្លួននៅការិយាល័យស៊ើបអង្កេត។ ក្នុងសារដែលបានថតទុកនៅមុននោះ លោក Yoon បាននិយាយថា លោកបានយល់ព្រមគោរពតាម ដើម្បី «ការពារកុំឲ្យមានការបង្ហូរឈាម»៕