ប្រណាំងរថយន្ត៖ កីឡាករប្រណាំងរថយន្ត F1 ហូឡង់ Max Verstappen ដណ្តើមបានជ័យជំនះការប្រកួតនៅទឹកដីម៉ិកស៊ិកនៅថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីពន្លាតការនាំមុខក្នុងតារាងជើងឯកពិភពលោក។ ក្រោយការប្រណាំងយកទីចេញដំណើរកាលពីថ្ងៃសៅរ៍ កីឡាកររបស់ Mercedes ទាំងពីរនាក់ Valtteri Bottas និង Lewis Hamilton គឺជាអ្នកចេញដំណើរជួរមុខ តែពេលចេញដំណើរជាក់ស្តែងនៅថ្ងៃអាទិត្យកីឡាកររបស់ Red Bull, Max Verstappen ចេញដំណើរបានយ៉ាងល្អវ៉ាផុតកីឡាកររបស់ Mercedes ទាំងពីរឡើងមកនាំមុខនាំមុខ។

Vatteri Bottas ចេញឈ្នះការប្រកួតយកទីចេញដំណើរនោះចាប់ផ្តើមមិនបានល្អឡើយ ក្រោយប៉ះទង្គិចគ្នាពេលផ្លូវបត់ទី១ និងបញ្ចប់ការប្រកួតនៅចំណាត់ថ្នាក់លេខ ១៥ ឯណោះ។ តាមពីក្រោយ Verstappen គឺជាជើងឯក ៧សម័យ Lewis Hamilton ខណៈលេខ៣ កីឡាករម្ចាស់ផ្ទះម៉ិកស៊ិក Sergio Perez របស់ Red Bull, លេខ៤ កីឡាករបារាំង Pierre Gasly របស់ក្រុម Alpha Tauri, លេខ៥ និងលេខ៦ ជាកីឡាកររបស់ Ferrari ទាំងពីរ Charles Leclerc និង Carlos Sainz។ ក្រោយជ័យជំនះនៅម៉ិកស៊ិកនេះ Max Verstappen បានពន្លាតការនាំមុខក្នុងតារាងជើងឯកពិភពលោកដល់ ១៩ពិន្ទុ ខណៈការប្រកួតនៅសល់ ៤ទីលានទៀតបញ្ចប់រដូវកាល។ ទីលានបន្ទាប់គឺ F1 នឹងបន្តដំណើរទៅប្រទេសប្រេស៊ីលចុងសប្តាហ៍នេះ៕
អត្ថបទ៖នាង សុភាវុធ