ប្រតិបត្តិករ បាននិយាយកាលពីថ្ងៃអង្គារថា អណ្តូងរ៉ែធ្យូងថ្មដ៏សំខាន់មួយ នៅជុំវិញទីក្រុង Pokrovsk ភាគខាងកើតអ៊ុយក្រែន បានបញ្ឈប់ប្រតិបត្តិការ និងជម្លៀសបុគ្គលិកចេញ ដោយកងទ័ពរុស្ស៊ីរុលចូលទៅមុខពីរបីគីឡូម៉ែត្រ ពីទីតាំងរបស់ខ្លួន។
អណ្តូងរ៉ែនេះ និងទីក្រុង Pokrovsk កំពុងស្ថិតក្នុងហានិភ័យនៃការកាន់កាប់ ដោយកងកម្លាំងរុស្ស៊ី ដែលកំពុងតែប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីព្យាយាមដណ្តើមយកទីក្រុងដ៏សំខាន់ជាយុទ្ធសាស្ត្រ នៅក្នុងតំបន់ ដោណិតស្ក៍ (Donetsk) របស់អ៊ុយក្រែន។
ម្ចាស់អណ្តូងរ៉ែ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«រោងចក្រដែកថែប Metinvest បានប្រកាសពីការផ្អាកប្រតិបត្តិការ នៅអណ្តូងរ៉ែ Pokrovske Coal ដោយសារតែស្ថានភាពជួរមុខ ដែលកំពុងវិវឌ្ឍន៍ កង្វះការផ្គត់ផ្គង់ថាមពល និងស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន» ។
នាយកប្រតិបត្តិលោក Yuriy Ryzhenkov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ដោយប្រឈមមុខនឹងស្ថានភាពសន្តិសុខកាន់តែធ្ងន់ធ្ងរ យើងមិនអាចឲ្យបុគ្គលិករាប់ពាន់នាក់និងគ្រួសាររបស់ពួកគេ ប្រថុយនឹងគ្រោះថ្នាក់ដល់អាយុជីវិតទេ។
អណ្តូងរ៉ែ Pokrovske Coal គឺជាអ្នកផលិតធ្យូងថ្មចុងក្រោយបង្អស់របស់អ៊ុយក្រែន ដែលជាសសរស្តម្ភដ៏សំខាន់សម្រាប់សេដ្ឋកិច្ចដែលហែកហួរដោយសង្រ្គាម ដែលត្រូវបានប្រើក្នុងការផលិតដែក។
អណ្តូងរ៉ែនេះ បានជួលមនុស្សប្រហែល ១០.000នាក់ នៅមុនសង្រ្គាម ហើយផលិតធ្យូងថ្ម បាន៥,៦ លានតោន ក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមនាយកប្រតិបត្តិរបស់អណ្តូងរ៉ែលោកAndriy Akulych។