នាយករដ្ឋមន្ត្រី Shehbaz Sharif កាលពីថ្ងៃអង្គារ បានអំពាវនាវឲ្យមានយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ ដើម្បីបំពាក់ដល់យុវជនរបស់ប្រទេសប៉ាគីស្ថាននូវជំនាញវិជ្ជាជីវៈ ដែលសមស្របទៅនឹងទីផ្សារការងារអន្តរជាតិ ខណៈពេលដែលធ្វើជាប្រធានកិច្ចប្រជុំស្តីពីការងារយុវជន និងការអភិវឌ្ឍជំនាញ នៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ។
ការប៉ាន់ប្រមាណបង្ហាញថា ប្រហែល ៦៤ ភាគរយនៃប្រជាជនប៉ាគីស្ថាន មានអាយុក្រោម ៣០ឆ្នាំ ដែល ផ្តល់ឱកាសយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈកម្លាំងពលកម្មវ័យក្មេង ដែលរួមចំណែកដល់ភាពជាសហគ្រិន ការច្នៃប្រឌិត និងការកែទម្រង់ផ្សេងៗ។
ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃចំនួនយុវជននេះ ក៏បង្កបញ្ហាប្រឈមផងដែរ រួមទាំងអត្រាគ្មានការងារធ្វើខ្ពស់ លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព និងការបណ្តុះបណ្តាលវិជ្ជាជីវៈមានកម្រិត និងហានិភ័យនៃភាពចលាចលក្នុងសង្គម ដោយសារសក្តានុពលដែលមិនបានប្រើប្រាស់។
រដ្ឋាភិបាល ដែលកំពុងខិតខំរក្សាស្ថិរភាពសេដ្ឋកិច្ច បានស្វែងរកយ៉ាងសកម្មទាំងការវិនិយោគក្នុងស្រុក និងបរទេស ខណៈពេលដែលចូលរួមជាមួយប្រទេសជាមិត្ត ជាពិសេសនៅក្នុងតំបន់ឈូងសមុទ្រ ដើម្បីផ្តល់ឱកាសការងារសម្រាប់ប្រជាជនប៉ាគីស្ថានវ័យក្មេង ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន។
លោក Sharif ត្រូវបានដកស្រង់សម្តី ដោយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយការិយាល័យរបស់ខ្លួន បន្ទាប់ពីលោក បានធ្វើជាប្រធានកិច្ចប្រជុំនៃកម្មវិធីយុវជនរបស់នាយករដ្ឋមន្រ្តីថា៖« ពិតជាមានភាពចាំបាច់ណាស់ ក្នុងការបំពាក់ឲ្យយុវជននូវជំនាញវិជ្ជាជីវៈ ដើម្បីបង្កើនឱកាសការងារ»។