អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា កុមារជាង ១០០នាក់ ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងប្រទេសស៊ីរី កាលពីខែធ្នូតែមួយខែប៉ុណ្ណោះ បន្ទាប់ពីបានបំផ្ទុះគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀត ដែលត្រូវបានដាក់នៅពាសពេញប្រទេសនេះ បន្ទាប់ពីសង្រ្គាមស៊ីវិលជិត ១៤ឆ្នាំ។
ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF បានព្រមានថា ក្មេងស្រីនិងក្មេងប្រុសនៃប្រទេស ស៊ីរី «នៅតែបន្តទទួលរងនូវផលប៉ះពាល់ដ៏ឃោរឃៅពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងអត្រាមួយគួរឲ្យព្រួយបារម្ភ»។
យុទ្ធភណ្ឌបែបនេះ ដែលត្រូវបានគេហៅថា UXO គឺជាអាវុធជាតិផ្ទុះដូចជា គ្រាប់បែក គ្រាប់ផ្លោង គ្រាប់បែកដៃ គ្រាប់មីន និងគ្រាប់បែកចង្កោម ដែលមិនផ្ទុះ នៅពេលពួកវា ត្រូវបានដាក់ពង្រាយ ហើយនៅតែមានហានិភ័យ រហូតដល់រាប់ទសវត្សរ៍។
នៅក្នុងខែធ្នូតែមួយខែប៉ុណ្ណោះ ខណៈដែលប្រទេសស៊ីរី ត្រូវរង្គោះរង្គើ ដោយចលាចលនយោបាយយ៉ាងខ្លាំង បន្ទាប់ពីការបណ្តេញបុរសខ្លាំងលោក បាសា អាល់អាសាដ ( Bashar al-Assad) ភ្លាមៗនោះ UNICEF បាននិយាយថា ខ្លួនបានទទួលរបាយការណ៍អំពីកុមារចំនួន ១១៦នាក់ ដែលត្រូវបានសម្លាប់ ឬរងរបួស ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO)។