គណបក្សសង្គមនិយមបារាំងដែលបានព្យាយាមជាច្រើនសប្ដាហ៍មកហើយ ដើម្បីគាំទ្ររដ្ឋាភិបាលសំឡេងភាគតិចរបស់លោក Francois Bayrou នោះ កាលថ្ងៃអង្គារ (ទី១៤ ខែមករា) បានបង្កើនគំរាមកំហែងខ្លាំងឡើងៗគាំទ្រការបោះឆ្នោតដកសេចក្ដីទុកចិត្ត ចំពោះរដ្ឋាភិបាល នៅចុងសប្តាហ៍នេះ។
ក្រុមសង្គមនិយមដែលបានបោះឆ្នោតទម្លាក់សំណើថវិកាពីមុន កាលពីខែធ្នូឆ្នាំមុន រួមជាមួយនឹងសមាជិកសភាក្រុមស្តាំនិយមជ្រុល និងដែលបាននាំទៅដល់ការដួលរលំរដ្ឋាភិបាលរបស់លោក Michel Barnier បានទាមទារឲ្យមានកំណែទម្រង់ប្រាក់សោធននិវត្តន៍ឆ្នាំ២០២៣ ជាលក្ខខណ្ឌសម្រាប់ការគាំទ្ររបស់ពួកគេ។
នាព្រឹកថ្ងៃនោះ ក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់សភា លោក Bayrou បានបើកផ្លូវឲ្យមានចរចាឡើងវិញនូវកំណែទម្រង់សោធននិវត្តន៍ដ៏ចម្រូងចម្រាសនេះ ប៉ុន្តែលោក Olivier Faure បាននិយាយថា នេះមិនទាន់ល្អគ្រប់គ្រាន់ទេ។
លោក Faure បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ TF1 កាលពីថ្ងៃអង្គារថា៖ «យើងនឹងគាំទ្រការបោះឆ្នោតដកសេចក្ដីទុកចិត្ត ប្រសិនបើយើងមិនទទួលបានការឆ្លើយតបយ៉ាងច្បាស់លាស់ ចំពោះការទាមទាររបស់យើងទេនោះ»៕