អ្នកពន្លត់អគ្គីភ័យនៅជុំវិញទីក្រុង Los Angeles កាលពីថ្ងៃអង្គារ កំពុងរៀបចំ ដើម្បីពន្លត់ភ្លើងដែលកំពុង ឆាបឆេះ ឬអណ្តាតភ្លើងថ្មី។ សេវាអាកាសធាតុជាតិ បានចេញការព្រមានដ៏កម្រមួយថា ខ្យល់ស្ងួតរួមផ្សំនឹងលក្ខខណ្ឌស្ងួតធ្ងន់ធ្ងរ បានបង្កើត «ស្ថានភាពគ្រោះថ្នាក់ជាពិសេស» ដែលបង្ហាញថា ភ្លើងថ្មីអាចឆាបឆេះឡើងក្នុងទំហំធំ។ ការព្រមាននេះ កើតឡើងមួយសប្តាហ៍ បន្ទាប់ពីគ្រោះមហន្តរាយដ៏ធំពីរ បានបំផ្លាញផ្ទះរាប់ពាន់ខ្នង និងបានសម្លាប់មនុស្សយ៉ាងតិច ២៥នាក់។
ក្រុមអ្នកព្យាករណ៍ បាននិយាយថា ខ្យល់បោកបក់ខ្លាំង ត្រូវបានគេរំពឹងថា នឹងបណ្តាលឲ្យមានភ្លើងឆេះកាន់តែខ្លាំង នៅថ្ងៃពុធនេះ។
ការព្រមានអំពីស្ថានភាពគ្រោះថ្នាក់ជាពិសេស ដែលទើបចេញថ្មីសម្រាប់តំបន់ Los Angeles និង Ventura ភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រនីញ៉ា នឹងចូលជាធរមាន ចាប់ពីម៉ោង ៣ព្រឹក ដល់ម៉ោង ៣ រសៀល។ នេះបើតាមសេវាអាកាសធាតុជាតិ នៅទីក្រុង Los Angeles នៅថ្ងៃនេះ។
ខ្យល់បោកបក់ខ្លាំងជាងនេះ ត្រូវបានគេរំពឹងថា នឹងបណ្តាលឲ្យមានមានភ្លើងចំហេះព្រៃកាន់តែខ្លាំង ឡើង។ សេវាអាកាសធាតុ បាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា ប្រជាជន គួរតែប្រុងប្រយ័ត្នចំពោះលទ្ធភាពនៃភ្លើងចំហេះព្រៃយ៉ាងលឿន។
សារបង្ហោះនោះ បានឲ្យដឹងថា៖ «សារសំខាន់៖ យើងមិនទាន់ចេញពីព្រៃ នៅឡើយទេ»។ «ខ្យល់បានបោកបក់ខ្លាំង នៅថ្ងៃនេះ ប៉ុន្តែការពង្រឹងបន្ថែមទៀត អាចនឹងកើតឡើងនៅយប់នេះ ដល់ថ្ងៃស្អែក»។
ទីភ្នាក់ងារអាកាសធាតុ បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ការព្រមានដោយទង់ពណ៌ក្រហម នៅតែជាធរមាន នៅទូទាំងតំបន់ជាច្រើននៃទីក្រុង Los Angeles និង Ventura និងផ្នែកខ្លះនៃសង្កាត់ San Louis Obispo និង Santa Barbara រហូតដល់ថ្ងៃពុធនេះ។