អាមេរិក៖ ក្រុមអ្នកស៊ើបអង្កេតកាលពីថ្ងៃអាទិត្យបានធ្វើការ ដើម្បីកំណត់ពីរបៀបដែលមនុស្ស ៨នាក់បានស្លាប់នៅក្នុងការប្រជ្រៀតគ្នារបស់ក្រុមអ្នកគាំទ្រ នៅឯពិធីបុណ្យមហោស្រពតន្ត្រីទីក្រុង Houston រដ្ឋ Texas ខណៈដែលមិត្តភ័ក្ត្រ និងមនុស្សជាទីស្រលាញ់បានកាន់ទុក្ខជូនជនរងគ្រោះ ហើយការរំឭកវិញ្ញាណក្ខន្ធបណ្ដោះអាសន្នដោយការដាក់ផ្កា និងអុជទៀនបានធ្វើឡើងនៅកន្លែងកើតហេតុនោះ។

ក្រុមអាជ្ញាធរគ្រោងនឹងប្រើប្រាស់វីដេអូការសម្ភាសសាក្សី និងការពិនិត្យឡើងវិញលើនីតិវិធីនៃការប្រគំតន្ត្រី ដើម្បីស្វែងរកអ្វីដែលកើតឡើងខុសប្រក្រតីកាលពីយប់ថ្ងៃសុក្រ ក្នុងអំឡុងពេលការសម្ដែងរបស់តារាចម្រៀងរ៉េប Travis Scott។ សោកនាដកម្មបានកើតឡើងនៅពេលដែលហ្វូងមនុស្សប្រញាប់ប្រញាល់ឡើងលើឆាក ដោយមនុស្សប្រជ្រៀតគ្នាយ៉ាងណែនដែលធ្វើឲ្យស្ទើរតែដកដង្ហើមមិនរួច។ រហូតមកដល់ថ្ងៃអាទិត្យម្សិលមិញ មនុស្ស ១៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ ស្ថានភាពរបស់ពួកគេមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។
ក្រុមមន្ត្រីទីក្រុងបាននិយាយថា ពួកគេកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការស៊ើបអង្កេត រកមូលហេតុដែលបណ្ដាលឱ្យមានភាពច្របូកច្របល់នៅក្នុងពិធីបុណ្យ Astroworld ជាព្រឹត្តិការណ៍ដែលបង្កើតឡើងដោយតារាចម្រៀង Scott។ មនុស្សប្រហែល ៥០,០០០នាក់បានចូលរួមទស្សនានៅទីនោះ។ ក្រុមអាជ្ញាធរបាននិយាយថា ក្នុងចំណោមករណីពាក់ព័ន្ធផ្សេងទៀត ពួកគេនឹងពិនិត្យមើលថា តើតំបន់ជុំវិញឆាកត្រូវបានរចនាឡើងដោយរបៀបណា។ ជនរងគ្រោះភាគច្រើនគឺជាមនុស្សវ័យជំទង់ដែលមានអាយុត្រឹម ១៤ឆ្នាំ៕
អត្ថបទ៖ សុខមាន