ការិយាល័យរបស់លោក Justin Trudeau កាលពីថ្ងៃអង្គារ (ទី១៤ ខែមករា) បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ដែលប្រឈមនឹងការខ្វែងគំនិតគ្នា អំពីរបៀបដែលប្រទេសកាណាដាគួរតែឆ្លើយតបទៅនឹងការគំរាមកំហែងដំឡើងពន្ធរបស់សហរដ្ឋអាមេរិក នឹងកោះប្រជុំគណៈរដ្ឋមន្ត្រី នៅសប្តាហ៍ក្រោយ ដោយផ្តោតលើការការពារផលប្រយោជន៍របស់ប្រជាជនកាណាដា។
គួរបញ្ជាក់ថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump បានសន្យាថា នឹងដំឡើងពន្ធ ២៥ភាគរយ លើការនាំចូលពីកាណាដា ដែលអ្នកសេដ្ឋកិច្ចនិយាយថា នឹងបង្កឲ្យមានការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ កាណាដានាំចេញ ៧៥ភាគរយនៃទំនិញ និងសេវាកម្មទាំងអស់ទៅសហរដ្ឋអាមេរិក។
ការិយាល័យរបស់លោក Trudeau បានឲ្យដឹងថា៖ «គណៈរដ្ឋមន្ត្រីនឹងការពារផលប្រយោជន៍របស់ប្រជាជនកាណាដា ពង្រឹងទំនាក់ទំនងរបស់ប្រទេសកាណាដាជាមួយសហរដ្ឋអាមេរិក ហើយធ្វើឲ្យច្បាស់លាស់ដោយឥតសង្ស័យ ចំពោះទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដែលប្រទេសទាំង២ មានរួមគ្នា»។
លោក Trudeau ដែលនឹងចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី នៅដើមខែមីនា កំពុងសន្យាថា នឹងមានវិធានការតបត ប្រសិនបើលោក Trump អនុវត្តតាមការគំរាមកំហែងរបស់លោក ហើយចង់បានការឆ្លើយតបដោយឯកភាពពីរដ្ឋាភិបាលសហព័ន្ធ និងខេត្តចំនួន ១០។ ប៉ុន្តែការខ្វែងគំនិតគ្នា កំពុងលេចឡើង ហើយខេត្តខ្លះមិនពេញចិត្តនឹងអ្វីដែលគេមើលឃើញថា កង្វះភាពជាអ្នកដឹកនាំពីទីក្រុង Ottawa៕