ផ្កាយរណបអង្កេតការណ៍ MBZ-SAT ដែលផលិតដោយប្រទេសអារ៉ាប់រួម បានបាញ់បង្ហោះដោយជោគជ័យ កាលពីល្ងាចថ្ងៃអង្គារ ពីមូលដ្ឋានទ័ពអវកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។
ទីភ្នាក់ងារសារព័ត៌មាន Emirates បានរាយការណ៍ថា ដោយត្រូវបានពិពណ៌នាដោយអ្នកផលិតថា ជាផ្កាយរណបសង្កេតការណ៍ទំនើបបំផុត នៅមជ្ឈិមបូព៌ា វាត្រូវបានបញ្ជូនទៅកាន់ទីអវកាសដោយរ៉ូកែត Falcon 9 របស់ក្រុមហ៊ុន SpaceX ។
ផ្កាយរណបនេះ ត្រូវបានផលិតទាំងស្រុងដោយក្រុមវិស្វករអារ៉ាប់រួម នៅមជ្ឈមណ្ឌលអវកាស Mohammed bin Rashid ក្នុងទីក្រុងឌូបៃ។ ការធ្វើតេស្តចុងក្រោយដោយក្រុមវិស្វករនេះ មុននឹងបាញ់បង្ហោះ បានធ្វើឡើង នៅឯមូលដ្ឋានរបស់ក្រុមហ៊ុន SpaceX ក្នុងសហរដ្ឋអាមេរិក។
អ្នកផលិតបាននិយាយថា ផ្កាយរណបនេះ នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងគ្រោះមហន្តរាយ ដោយបន្តចាប់យករូបភាពបានច្បាស់កម្រិតខ្ពស់ ដែលអាចបង្ហាញព័ត៌មានលម្អិត នៅក្នុងតំបន់តូចៗ ដែលមានទំហំត្រឹម១ ម៉ែត្រការ៉េ។