ការិយាល័យរបស់មេដឹកនាំកោះតៃវ៉ាន់ នៅថ្ងៃពុធ (ទី១៥ ខែមករា) នេះ បានឲ្យដឹងថា គណៈប្រតិភូនៃសមាជិកសភារបស់កោះ ដែលដឹកនាំដោយប្រធានសភា នឹងទៅចូលរួមពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិករបស់លោក Donald Trump ដោយបន្ថែមថា អាជ្ញាធរកោះនេះ នឹងបន្តលើកកម្ពស់ទំនាក់ទំនងជាមួយរដ្ឋបាលថ្មី។
គួរបញ្ជាក់ថា កោះតៃវ៉ាន់ ដែលត្រូវបានចិនចាត់ទុកថា ជាដែនដីរបស់ខ្លួន ទទួលបានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋបាលអាណត្តិដំបូងរបស់លោក Trump ក្នុងនោះរួមទាំងការលក់អាវុធជាប្រចាំ ដែលបានបន្តមានក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Joe Biden ប៉ុន្តែលោកប្រធានាធិបតីជាប់ឆ្នោតបានធ្វើឲ្យកោះតៃវ៉ាន់មិនស្រណុកចិត្ត អំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោត ដោយការអំពាវនាវឲ្យកោះនេះត្រូវតែបង់ប្រាក់ ដើម្បីទទួលបានការការពារ។
ការិយាល័យមេដឹកនាំកោះតៃវ៉ាន់ បានឲ្យដឹងថា ប្រធានសភា លោក Han Kuo-yu ដែលជាសមាជិកជាន់ខ្ពស់នៃគណបក្សប្រឆាំង Kuomintang និងដែលមិនបានទទួលជោគជ័យក្នុងការប្រជែងតំណែងមេដឹកនាំ ក្នុងឆ្នាំ២០២០ នឹងដឹកនាំក្រុមនេះទៅចូលរួមពិធីស្បថចូលកាន់តំណែង អមដោយគណៈប្រតិភូនៃសមាជិកសភា ៧រូបទៀត ដែលមកពីគណបក្សផ្សេងៗ។
ការិយាល័យមេដឹកនាំកោះតៃវ៉ាន់បានប្រាប់ថា ដោយចាកចេញនៅថ្ងៃទី១៨ ខែមករា ដើម្បីទៅចូលរួមពិធីនេះ ២ថ្ងៃក្រោយ ក្រុមននេះ នឹងជួបជាមួយឥស្សរជនជាន់ខ្ពស់អាមេរិក វិទ្យាស្ថានស្រាវជ្រាវ និងអ្នកសិក្សាកម្រិតខ្ពស់ៗ៕