ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា ក្នុងដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីក្រសួងកិច្ចការនារីរបស់អូស្រ្តាលីមកប្រទេសកម្ពុជា នាពេលនេះ គឺដើម្បីចង់ពន្យល់ដល់កម្ពុជា និងស្វែងរកការគាំទ្រពីកម្ពុជា ចំពោះភាពជាដៃគូសន្តិសុខត្រីភាគីរបស់ខ្លួន ដែលមានប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារថ្មីនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេច នឹងជួបពិភាក្សាការងារជាច្រើនជាមួយលោកជំទាវ ម៉ារីស ផេន ប៉ុន្តែសម្តេចអាចនិយាយបានថាក្នុងដំណើរ ទស្សនកិច្ចរបស់លោកជំទាវមកកម្ពុជានេះ គឺមានគោលបំណងធំតែមួយគាត់ ដូចនិងរដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេសយ៉ាងដូច្នេះដែរ គឺដើម្បីពន្យល់ និងសុំការគាំទ្រពីកម្ពុជាចំពោះសម្ព័ន្ធមិត្តរបស់ខ្លួនតែប៉ុណ្ណោះ មិនមែនជាការមកគាប់សង្កត់ដល់រាជរដ្ឋាភិបាលកម្ពុជានោះឡើយ។
សូមបញ្ជាក់ថា លោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីក្រសួងការបរទេស និង រដ្ឋមន្រ្តីក្រសួងកិច្ចការនារីរបស់អូស្រ្តាលីន បានកំពុងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាចំនួនពីរថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ខណៈដំណើរទស្សនកិច្ចនេះ គឺមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាមួយកម្ពុជាឲ្យកាន់តែល្អប្រសើបន្ថែមទៀត ដើម្បីគុណប្រយោជន៍របស់ប្រជាជន និងប្រទេស ទំាងពីរ(កម្ពុជា-អូស្រ្តាលី)។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ លោកជំទាវ នឹងជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជួបជាមួយប្រមុខការទូតកម្ពុជា និងជំនួបទ្វេភាគីជាមួយលោកជំទាវ អ៊ឹង គន្ថាផាវី រដ្ឋមន្រ្កីក្រសួងកិច្ចការនារីរបស់កម្ពុជាផងដែរ៕
អត្ថបទ ៖ បាន ចក់