ក្រុមហ៊ុនអវកាសជប៉ុន និងសហរដ្ឋអាមេរិក បាញ់បង្ហោះយានចុះចតឋានព្រះច័ន្ទទៅកាន់ទីអវកាស
យានចុះចតឋានព្រះច័ន្ទ ២គ្រឿង យានមួយគ្រឿង មកពីក្រុមហ៊ុន ispace 9348.T របស់ជប៉ុន និងយានមួយគ្រឿងទៀត មកពីក្រុមហ៊ុនអវកាស Firefly របស់សហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើដំណើររបស់ពួកវា ទៅកាន់ទីអវកាសនៅថ្ងៃពុធនេះ ជាមួយនឹងការបាញ់បង្ហោះទ្វេយានចុះចតទៅកាន់ឋានព្រះច័ន្ទខុសពីធម្មតារបស់ក្រុមហ៊ុន SpaceX ជាការគូសបញ្ជាក់ពីភាពប្រញាប់ប្រញាល់សកល ដើម្បីពិនិត្យមើលផ្ទៃព្រះច័ន្ទ ។
ក្រុមហ៊ុនរុករកឋានព្រះច័ន្ទ ispace របស់ជប៉ុន បានចុះបេសកកម្ម Hakuto-R Mission របស់ខ្លួន ដោយធ្វើការប៉ុនប៉ងជាលើកទី ២ ក្នុងការចុះចតឋានព្រះច័ន្ទ ក្រោយបេសកកម្មលើកដំបូងរបស់ពួកគេ បរាជ័យកាលពីខែមេសា ឆ្នាំ ២០២៣ ដោយសារការគណនារយៈកម្ពស់ពុំបានត្រឹមត្រូវ ។
ក្រុមហ៊ុន Firefly ដែលមានមូលដ្ឋាននៅរដ្ឋ Texas បានបាញ់បង្ហោះយានចុះចតឋានព្រះច័ន្ទលើកដំបូងរបស់ខ្លួនគឺយាន Blue Ghost ធ្វើឲ្យពួកគេក្លាយជាក្រុមហ៊ុនទី ៣ បញ្ជូនយានចុះចតទៅឋានព្រះច័ន្ទ ក្រោមកម្មវិធីសេវាកម្មផ្ទុកយានឋានព្រះច័ន្ទពាណិជ្ជកម្មរដ្ឋ-ឯកជន(CLPS) របស់អង្គការណាសា ។
បុគ្គលិក សមាជិក និងដៃគូប្រហែល ៣០០នាក់របស់ក្រុមហ៊ុន ispace នាំគ្នាទះដៃអបអរសាទរ ពេលដែលយានចម្លង Falcon 9របស់ក្រុមហ៊ុន SpaceX ផ្ទុកយានចុះចតហោះចេញពីរដ្ឋ Florida នៅវេលាម៉ោង ៣ និង ១១នាទីរសៀល ម៉ោងនៅប្រទេសជប៉ុន(ត្រូវនឹងម៉ោង ៦ និង ១១នាទី ម៉ោងសកល) ។
យានចម្លង បានផ្តាច់យានចុះចត Blue Ghost តាមពេលវេលាកំណត់ ប្រហែលរយៈពេល ១ម៉ោងនៃការហោះឡើង និងបានផ្តាច់យានចុះចត Resilience របស់ក្រុមហ៊ុន ispace នៅរយៈពេលប្រហែលកន្លះម៉ោងក្រោយមក ។
គេរំពឹងទុកថា យានចុះចត Resilience នឹងធ្វើដំណើរដល់ផ្ទៃព្រះច័ន្ទនៅអំឡុងខែឧសភា-មិថុនា ខាងមុខនេះ ខណៈយានចុះចត Blue Ghost របស់ក្រុមហ៊ុន Firefly មានបំណងទៅដល់ឋានព្រះច័ន្ទនៅរយៈពេល ៤៥ថ្ងៃ ក្រោយការបាញ់បង្ហោះចេញពីផែនដី ៕