រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលលោក Gideon Saar និយាយថា លោកមានជំនឿថា មាននូវសំឡេងភាគច្រើននៅក្នុងរដ្ឋាភិបាលគាំទ្រកិច្ចព្រមព្រៀងចំណាប់ថ្នូរហ្កាហ្សា បើសិនជានៅទីបញ្ចប់ កិច្ចព្រមព្រៀងត្រូវបានឯកភាពគ្នាហើយនោះ បើទោះបីជាមានសំឡេងប្រឆាំងពីគណបក្សជាតិនិយមរឹងរុសនៅក្នុងរដ្ឋាភិបាលចម្រុះក៏ដោយ ។
នៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងរ៉ូមជាមួយសមភាគីអ៊ីតាលីលោក Antonio Tajani លោក Saar និយាយថា លោកមានជំនឿថា បើសិនជាពួកយើងសម្រេចបានកិច្ចព្រមព្រៀងចំណាប់ថ្នូរនេះ ពួកយើងនឹងមានសំឡេងភាគច្រើននៅក្នុងរដ្ឋាភិបាលដែលគាំទ្រកិច្ចព្រមព្រៀង ។
លោកបានចោទប្រកាន់ផងដែរថា អាជ្ញាធរប៉ាឡេស្ទីនជំរុញទឹកចិត្តអំពើភេរវកម្ម និងញុះញង់ឲ្យកើតមានអំពើហិង្សាប្រឆាំងអ៊ីស្រាអែល ដោយលោកបញ្ជាក់ថា គោលនយោបាយរបស់ពួកគេ ឈរខាងវិធីសាស្រ្តសម្រេចបានសន្តិភាព ។
លោកថា សម្រេចកិច្ចព្រមព្រៀងមួយនេះ ពួកយើងត្រូវតែមើលឃើញការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ និងពិតប្រាកដនៅក្នុងចំណោមជនប៉ាឡេស្ទីន ប៉ុន្តែពួកយើងពុំបានមើលឃើញវាកើតឡើងនៅថ្ងៃនេះនោះទេ ។
លោក Saar បានបញ្ជាក់ថា នៅក្នុងស្ថានភាពបច្ចុប្បន្ន ការបង្កើតរដ្ឋប៉ាឡេស្ទីនប្រាកដណាស់ថា ជារដ្ឋហាម៉ាស់ ។ មាននូវហេតុផលមួយកាលដែលអាជ្ញាធរប៉ាឡេស្ទីនមិនព្រមដោះស្រាយ ឬមិនរៀបចំការបោះឆ្នោតចាប់តាំងពីឆ្នាំ ២០០៥ ឬអស់រយៈពេល ២០ឆ្នាំរួចមកហើយ ។ មាននូវហេតុផលល្អ ហើយរដ្ឋហាម៉ាស់មិនត្រឹមតែមិនអាចដោះស្រាយជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបាននោះទេ ប៉ុន្តែពួកគេនឹងធ្វើឲ្យសន្តិសុខ សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់កាន់តែធ្ងន់ធ្ងរទៅផងដែរ ៕