សេចក្តីថ្លែងការណ៍ពីក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ជនប៉ាឡេស្ទីន យ៉ាងហោច ៦នាក់ ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃអង្គារ អំឡុងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Jenin ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែង ។
យោងតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា អ្នករងរបួស ស្ថិតក្នុងស្ថានភាពរួចផុតពីគ្រោះថ្នាក់ ហើយកងទ័ពអ៊ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ជាលាយល័ក្ខអក្សរថា កងកម្លាំងរបស់ពួកគេ បានបើកការវាយប្រហារលើទីក្រុង Jenin ប៉ុន្តែពួកគេពុំបានផ្តល់សេចក្តីលម្អិតនោះទេ ។
ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន Wafa រាយការណ៍ថា យានដ្រូនអ៊ីស្រាអែល បានបាញ់មីស៊ីល ៣គ្រាប់លើក្រុមមនុស្សនៅផ្លូវរង្វង់មូល ស្ថិតក្នុងជំរំជនភៀសខ្លួនកាលពីល្ងាចថ្ងៃអង្គារ ដោយបានសម្លាប់មនុស្ស ៦នាក់ រួមទាំងក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ផងដែរ ។
Wafa រាយការណ៍ទៀតថា ជនរងគ្រោះ ៥នាក់នៃការវាយប្រហារនេះ មានអាយុចន្លោះពី ២៣ឆ្នាំ ដល់ ៣៤ឆ្នាំ ហើយរួមទាំងបងប្អូនប្រុស ៣នាក់ ។ នៅដើមខែនេះ ការវាយប្រហារយានដ្រូនរបស់អ៊ីស្រាអែល លើទីក្រុង Tammun ស្ថិតក្នុងតំបន់វ៉េសប៊ែង បានសម្លាប់ក្មេងៗប៉ាឡេស្ទីន ២នាក់ផងដែរ និងបុរសវ័យ ២៣ឆ្នាំម្នាក់ មកពីគ្រួសារតែមួយ ៕