ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រជាពលរដ្ឋ រៀបចំពិធីមង្គលការឡើងវិញហើយ ប៉ុន្តែត្រូវកំណត់ឱ្យមានភ្ញៀវចូលរួមត្រឹម២០០នាក់ប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន ក្នុងពេលអញ្ជើញជាអធិតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់អគារ ទីស្តី ការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកានេះ ដំណាក់កាលដំបូង នៃការអនុញ្ញាតឱ្យរៀបចំពិធីមង្គលការឡើងវិញនេះ ត្រូវតែកំណត់ចំនួនអ្នកចូលរួមសិន ដោយសម្តេចនឹងតាមដានស្ថានភាពបន្តទៀត ដែលថ្ងៃខាងមុខអាចនឹងបើកឱ្យមានភ្ញៀវចូលរួមមង្គលការច្រើនជាងនេះ។
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និង ការរស់នៅជាមួយកូវីដ១៩ តាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកានេះតទៅ បន្ទាប់ពីការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងប្រទេស បានធ្លាក់ចុះ ហើយពលរដ្ឋស្ទើរគ្រប់គ្នា បានចាក់វ៉ាក់សាំង។ ការបើកប្រទេសនេះ គឺអាជីវកម្មស្ទើរតែទាំងអស់ លើកលែងតែខារ៉ាអូខេ នឹងបើកនៅខែក្រោយ៕
អត្ថបទ៖ មុត សុទ្ធ




